អុីស្រាអែលបានត្រៀមបំផ្លាញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ៨០ពាន់ដូស ប្រភេទ Pfizer ដោយសារតែវ៉ាក់សាំងនោះផុតកំណត់ប្រើប្រាស់។ កន្លងមក អុីស្រាអែលបានសង្គ្រោះវ៉ាក់សាំងជិតផុតកំណត់បានជាង ៧សែនដូស តាមរយៈការដោះដូរជាមួយកូរ៉េខាងត្បូង ។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយនៅថ្ងៃទី៣១ខែកក្កដាថា ចំនួនវ៉ាក់សាំង Pfizer បានផុតកំណត់នៅចុងខែកក្កដា។ បណ្តាញព័ត៌មានអុីស្រាអែលបានផ្សាយថា វ៉ាក់សាំង ៨០ពាន់ដូសមានតម្លៃជិត២លានដុល្លារអាមេរិក នឹងត្រូវបញ្ជូនទៅចោលនៅកន្លែងចោលសំរាម។ រដ្ឋាភិបាលអុីស្រាអែលកន្លងមកបានខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋមុនពេលផុតកំណត់ ប៉ុន្តែចាក់មិនអស់នោះឡើយ។
កិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំង រវាងអុីស្រាអែលនិងប៉ាឡេស្ទីនត្រូវបរាជ័យ ដោយសារតែភាគីប៉ាឡេស្ទីនបារម្ភពីប្រសិទ្ធភាពក្នុងពេលវ៉ាក់សាំងជិតអស់សុពលភាពប្រើប្រាស់។ ក្រោយមកអុីស្រាអែលក៏បានព្រមព្រៀងជាមួយកូរ៉េខាងត្បូង ដើម្បីដោះដូរវ៉ាក់សាំងចំនួន ៧សែនដូស ក្នុងចំណោម ១,៤លានដូស ដែលត្រូវផុតកំណត់ប្រើប្រាស់នៅចុងខែកក្កដាឆ្នាំ២០២១។ នៅឆ្នាំក្រោយកូរ៉េខាងត្បូង និងសងវ៉ាក់សាំង ចំនួនខាងលើទៅឲ្យភាគីអុីស្រាអែលវិញ។
កន្លងមកអុីស្រាអែលបានឡើងគម្រោងប្រើប្រាស់វ៉ាក់សាំងបន្ថែម ៦សែនដូស ចាក់ជូនក្មេងៗមានអាយុចាប់ពី១២-១៥ឆ្នាំ។
អុីស្រាអែលជាប្រទេសឈានមុខគេនៅលើពិភពលោក ពីការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ដូសទីបី ដល់ពលរដ្ឋមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងពេលដែលបារម្ភពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ថយចុះខណៈវីរុសបម្លែងខ្លួនថ្មី ដែលតា ឆ្លងរាលដាលយ៉ាងខ្លាំង ។ មកទល់ពេលនេះអុីស្រាអែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋដូសទីពីរ ដល់ពលរដ្ឋបាន ៥៩%៕
ដោយ៖ធីរីណា
វ៉ាក់សាំង Pfizer ប្រឆាំងនឹង Covid-19 ។
រូបភាព៖ al Jazeera