រថយន្ដបើកបុកម៉ូតូនៅលើផ្លូវលេខ១១០ ស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូបើកច្រាសទិសគ្នាពេញមួយទំហឹង​ បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់រហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម រីឯអ្នករួមដំណើររងរបួសស្រាល ។ ដោយឡែកអ្នកបើកបររថយន្ដបង្កបានឈប់រថយន្ដទុកចោលក្បែរចិញ្ចើមផ្លូវរួចគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង១៥នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដបង្កម៉ាក MIGHTY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4258 ជាប្រភេទរថយន្ដដឹកទំនិញ​ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ចក់ អីង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AY-5300 និងអ្នករួមដំណើរជាមួយម្នាក់រងរបួសស្រាលមានឈ្មោះ ខោល ធឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

សាក្សីនៅកន្លែងកើតហេតុនិយាយប្រាប់នគរបាលថា នៅមុនពេលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេបានឃើញរថយន្ដបង្កបើកបរតាមបណ្ដោយផ្លូវជាតិលេខ១១០ក្នុងទិសទៅពីត្បួងទៅជើង (ពីស្រុកស្អាងឆ្ពោះទៅស្រុកកៀនស្វាយ) ដោយល្បឿនលឿន ។ លុះបើកដល់ចំណុចកើតហេតុរថយន្ដបង្កបានជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងបើកបរច្រាសទិសគ្នាពេញមួយទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនិងរងរបួសស្រាលតែម្ដង ។

ក្រោយពីបុកម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសរួចមក អ្នកបើកបររថយន្ដបង្កបានឈប់រថយន្ដទុកចោលក្បែរចិញ្ចើមផ្លូវហើយគេចខ្លួនបាត់ស្រមោល ។ ចំណែកឯអ្នករួមដំណើររងរបួសស្រាលត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នរថយន្ដបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកស្អាងធ្វើកំណត់ហេតុដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ៕

IMG-20160324-WA0005

IMG-20160324-WA0004

IMG-20160324-WA0006

IMG-20160324-WA0002

IMG-20160324-WA0003

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print