លោកវរសេនីយ៍ត្រី អេង អូន ត្រូវបានមេអង្គភាពហៅទៅសួរនាំ៣ថ្ងៃជាប់គ្នារឿងបើកក្រុមហ៊ុនឯកជនផ្ទុយនឹងលក្ខន្តិកៈកងកម្លាំង

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី អេង អូន អត្តលេខ ០៨៩៩៤៨ មានមុខងារជាជំនួយការផ្នែកប្រតិបត្តិការនៃមូលដ្ឋានកងកេង កងទ័ពជើងអាកាស ខេត្តព្រះសីហនុ ត្រូវបានមេអង្គភាពរបស់ខ្លួន ហៅទៅសួរនាំចំនួន៣ថ្ងៃជាប់គ្នាពាក់ព័ន្ធនឹងការបើកក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា «ក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ» ដែលផ្ទុយពីលក្ខន្តិកៈរបស់កងកម្លាំង ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ដែលយើងទើបទទួលបាននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មូលហេតុដែលមេអង្គភាពរបស់លោកវរសេនីយ៍ត្រី អេង អូន ហៅទៅសួរនាំនាពេលនេះគឺ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានព្រោងព្រាតអំពីការចាប់ខ្លួនលោក អេង អូន នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសឆបោកនិងរំលោភទំនុកចិត្តមានទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ តាមបណ្តឹង
របស់លោកឧកញ៉ា ប្រាក់ ប្រាកដ និងធ្លាយព័ត៌មានដែលលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសម្រេចផាកពិន័យលោក អេង អូន ដែលជា «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ» នូវទឹកប្រាក់ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ» របស់លោក បានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។

ជាមួយគ្នានេះ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះដែលរងប៉ះពាល់ពីសកម្មភាពកាយដីក្រហមរបស់ «ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ» គឺបានបង្ហាញពីការមិនសប្បាយចិត្តជាមួយលោក អេង អូន ដោយសារតែលោកបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយពួកគាត់មានសង្ឃឹមថា ថ្នាក់លើនឹងមានចំណាត់ការចំពោះលោក អេង អូន មិនខាន ។

គួររំលឹកថា លោក អេង អូន ដែលរងបណ្តឹងពីលោកឧកញ៉ា ប្រាក់ ប្រាកដ ពីបទល្មើសឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ត្រូវបានតុលាការអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។

ពាក់ព័ន្ធនឹងករណីនេះលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា «ករណីឈ្មោះ អេង អូន គឺត្រូវបានតំណាងអយ្យការ ចេញបញ្ជាឲ្យចូលខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ពីបទសង្ស័យថា បានប្រព្រឹត្តបទឆបោក និងរំលោភលើទំនុកចិត្ត ។ ក្រោយមក ឈ្មោះខាងលើ បានចូលមកចំពោះមុខអយ្យការដោយឯកឯងដើម្បីបំភ្លឺ » ។

លោក ប្លង់ សុផល បន្តថា បន្ទាប់ពីបានស្តាប់ចម្លើយចប់សព្វគ្រប់រួចរាល់ហើយ តំណាងអយ្យការបានចេញដីកា «បញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន» ដោយយល់ឃើញថា ពុំមានលក្ខខណ្ឌចំបាច់អ្វីទៀតទេព្រោះជនសង្ស័យបានចូលខ្លួនរួចហើយ ។

អ្នកនាំពាក្យតុលាការ សូមបញ្ជាក់ជូនផងដែរថា ដីកាបញ្ជាឲ្យចូលខ្លួនជាដីកាមួយដែលអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈបង្ខំជនដែលជាកម្មវត្ថុនៃដីកាឲ្យចូលមកបង្ហាញខ្លួនដើម្បីស្តាប់ចម្លើយ ។

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឃាត់ខ្លួន លោក អេង អូន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក អេង អូន ក៏ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀលផងដែរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ របស់លោកបានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេះដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យតាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនោះទេ ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print