ភ្នំពេញ, ទោះជាក្រុមការងារបានចុះប្រតិបត្តិការទៅលើអាជីវករផ្សារដើមគរ ដើម្បីយកសំណាក តែអវិជ្ជមានកូវីដ-១៩ ទាំងអស់នោះក៏ដោយ ប៉ុន្តែក្តីព្រួយបារម្ភនៅតែបន្តកើតមានចំពោះប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាព អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ, ៣កុំ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ ផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងប្រតិបត្តិការចុះយកសំណាក ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មាន ៧៤,៨៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីម្សិលមិញ៕
ដោយ, សុខ ខេមរា