អ្នកល្មើសបម្រាមគោចរប្រុសស្រីចំនួន២១នាក់ត្រូវកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនយកទៅអនុវត្តច្បាប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន២១នាក់ ដែលបានល្មើសបម្រាម​គោច​រត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញនាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីផាកពិន័យនិងអនុវត្តតាមវិធានការច្បាប់ផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែសីហាថា ការអនុវត្តបម្រាមគោចរ៥យប់កន្លងមក គឺនៅយប់ថ្ងៃទី៣ ខែសីហានេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សចំនួន២១នាក់ ដែលបានល្មើសបម្រាម​គោច​រ ក្នុងនោះកើតមាននៅខណ្ឌជ្រោយចង្វាចំនួន១៦នាក់, ខណ្ឌកំបូលម្នាក់, ខណ្ឌទួលគោកម្នាក់ និងនៅខណ្ឌពោធិ៍​សែន​ជ័យចំនួន៣នាក់។
លោកវរសេនីយ៍ឯក សាន សុខសីហាបានបញ្ជាក់ផងដែរថា ចំពោះមនុស្ស ទាំង២១នាក់នេះ សមត្ថ​កិច្ចនៅរង់ចាំ​បទបញ្ជារបស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញជាមុនសិន មុននឹងបន្តចំណាត់ការតាមនិីតិវិធីច្បាប់។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា គ្មានការអប់រំទៀតទេ បើមិនផាកពិន័យគឺបញ្ជូន (ទៅតុលាការ) ដូច្នេះក្នុងករណីដែលសមត្ថកិច្ចពាក់ព័ន្ធចាប់​បាននោះគឺមានតែធ្វើការផាកពិន័យប៉ុណ្ណោះ ហើយប្រសិនបើ ពិនិត្យឃើញថា ការល្មើសបម្រាមគោចរធ្ងន់ធ្ងរ ដូចជាការមិនគោរពសមត្ថកិច្ចអនុវត្តបម្រាមគោចរ ការតវ៉ារំខានដល់ការអនុវត្តច្បាប់, ការបើកយានយន្តបុកបារាស់និងគេចគោលដៅត្រួតពិនិត្យ ,ការប្រើកាយវិការពាក្យសម្ដីមិនសមរម្យ និងការប្រើអំពើហិង្សាមកលើសមត្ថកិច្ចជាដើមនោះ នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ដែរថា រាជធានីភ្នំពេញចាប់ផ្តើមអនុវត្តបម្រាមគោចរមានរយៈពេល៣យប់កន្លងមកនេះគឺចាប់ពីវេលាអធ្រាត្រថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេមើលឃើញថាមានអ្នកបើកយានយន្តល្មើសបម្រាមគោចរមួយចំនួនត្រូវបានផាកពិន័យ ដោយក្នុងនោះម៉ូតូ០១គ្រឿងចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង១លានរៀលដើម្បីជាការព្រមាន។ នៅរាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print