លោក ឃួង ស្រេង ដាក់បទបញ្ជាឱ្យសង្កាត់ទាំង១០៥ចុះណែនាំពលរដ្ឋអនុវត្តបម្រាមគោចរកុំឱ្យមានបទល្មើស និងសូមឱ្យឪពុកម្ដាយនាំកុមារគ្រប់អាយុទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការណែនាំឱ្យប្រជាពលរដ្ឋកុំដើរហើរល្មើសនិឹងបម្រាមគោចរ និងឱ្យបងប្អូនប្រជាពលរដ្ឋនាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។
ការដាក់បទបញ្ជាក់បែបនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៣ ខែសីហា ២០២១នេះ ដើម្បីឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ អនុវត្តការងារទាំង២នេះឱ្យបានម៉ត់ចត់និងម៉ឺងម៉ាត់ ឈានទៅរកការផ្តាច់ឱ្យបាននូវឫសគល់ជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា (DELTA) ឱ្យបានជោគជ័យ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីរាត្រីថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់ត្រូវដឹកនាំមន្ត្រីរបស់ខ្លួនចុះឱ្យដល់មូលដ្ឋានដើម្បីណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំដើរហើរល្មើសនិឹងបម្រាមគោចរពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។បន្ថែមពីនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋនាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានរៀបចំរួច ។
ដោយចាប់ពីពេលនេះតទៅគ្មានមានការអប់រំទៀតទេ គឺត្រូវតែផាកពិន័យនិងអនុវត្តទោសទណ្ឌមិនមានការលើកលែងឡើយ។
អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេងខាងលើនេះ នៅយប់ថ្ងៃទី០៣ សីហា ឆ្នាំ២០២១ យើងបានឃើញសង្កាត់មួយចំនួនបានអនុវត្តការងារនេះយ៉ាងម៉ឺងម៉ាត់ផងដែរ ។ ជាក់ស្តែងនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅយប់ថ្ងៃទី០៣ សីហានេះ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានជិះម៉ូតូនិងរថយន្តចុះក្នុងមូលដ្ឋានដោយបានធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកុំល្មើសបម្រាមគោចរ និងបានចូលរួមដាក់គោលដៅនៅមហាវិថីសហព័ន្ធរុស្សុីផងដែរ។ ចំណែកសង្កាត់បឹងត្របែក ខណ្ឌចំការមន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងសង្កាត់មួយចំនួនទៀតក៏បានចុះធ្វើការងារនេះផងដែរ ដើម្បីរួមគ្នាឈានទៅផ្តាច់ឫសគល់ជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DELTA) ឱ្យបាន។
សូមបញ្ជាក់ថា៖ អ្នកល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ១គ្រឿងត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន១លានរៀល ហើយបើធ្ងន់ធ្ងរនឹងមានទោសទណ្ឌថែមទៀត៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print