ភ្នំពេញ, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ចេញសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យស្ថានទូតកម្ពុជាបចាំសហរដ្ឋអាមេរិក ! នេះបើយោងតាម facebook របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា នៅយប់រាត្រីថ្ងៃ៦ ខែសីហា ឆ្នាំ២០២១ ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, បានបង្ហោះនូវលិខិតផ្លូវការទាំងស្រុងដូចខាងក្រោម , អ្នកនាំពាក្យរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមសម្តែងនូវការរំខានចិត្តចំពោះអត្ថបទ នយោបាយក្រោមចំណងជើង “សកម្មជនមើលឃើញអនាគតមិនល្អនៃសិទ្ធិមនុស្សនៅកម្ពុជានិងទទូច ឲ្យធ្វើសកម្មភាពបន្ថែម” ដែលបានផ្សព្វផ្សាយក្នុងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ភាសាខ្មែរ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យបានកត់សម្គាល់ថា ការពណ៌នារបស់អ្នកនិពន្ធអំពីការជួបសន្ទនាគ្នាតាមប្រព័ន្ធ អ៊ីនធើណែតរបស់បុគ្គលមួយចំនួនថាជា “មហាសន្និបាតកំពូលខ្មែរឯនាយសមុទ្រ” ការចាត់ទុកការ លើកឡើងរបស់បុគ្គលថាជារបស់ “ក្រុមសកម្មជនសហគមន៍ខ្មែរនៅក្រៅប្រទេស ការដកស្រង់ “ការ វាយប្រហារចំពោះរាជរដ្ឋាភិបាលកម្ពុជា” ដោយធ្វើអត្ថាធិប្បាយបំពងបន្ថែម ហើយនិងការលើកឡើង នូវព័ត៌មាននានា ដើម្បីគាំទ្រដល់ការវាយប្រហារទាំងនោះ បានឆ្លុះបញ្ចាំងឲ្យឃើញពី “ជំហរនយោបាយ” និង “កំរិតវិជ្ជាជីវៈសារព័ត៌មាន” របស់អ្នកនិពន្ធ។
ផ្អែកលើកត្តាដែលបានលើកឡើងខាងលើនេះ អ្នកនាំពាក្យស្ថានទូតយល់ឃើញថា មិនចាំបាច់ ធ្វើការឆ្លើយបំភ្លឺចំពោះអត្តបទនយោបាយនេះឡើយ៕
ដោយ, សុខ ខេមរា