រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu បានប្រកាសថា ទីតាំងយោធានៅ Tajikistan និង Kyrgyzstan ត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីការពារជាតិ Sergei Shoigu បានប្រកាសថាបានត្រៀមលក្ខណៈទប់ទល់និឹងក្រុមតាលីបង់នៅតាមព្រំដែន ។ ក្រៅពីនេះរុស្ស៊ីមានគម្រោងចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថានដើម្បីជួយដល់រដ្ឋាភិបាលប្រទេសនេះទប់ទល់ជាមួយក្រុមតាលីបង់ ។
នៅពេលនេះដែរ យោធាអាហ្វហ្គានីស្ថាននៅថ្ងៃទី៦ខែសីហាបានប្រកាសថា ក្រុមសកម្មប្រយុទ្ធយ៉ាងតិច៤០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយក្រុមយន្តហោះចម្បាំងដែលកំពុងបន្តប្រព្រឹត្តទៅដើម្បីទប់ទល់ការវាយប្រហាររបស់ក្រុមតាលីបង់ មកលើទីក្រុង Shiberghan ដែលស្ថិតនៅខេត្ត Jawzjan ភាគខាងជើងប្រទេស។
នៅក្នុងសេចក្តីប្រកាសរបស់ទាហានអាហ្វហ្គានីស្ថានបានបញ្ជាក់ថា «កងកម្លាំងសន្តិសុខដែលជ្រោមជ្រែងដោយក្រុមយន្តហោះចម្បាំង បានផ្តាច់ជីវិតជនសកម្មប្រយុទ្ធ៤០នាក់ និងចាប់ខ្លួនបាន១៥នាក់ទៀតក្នុងប្រតិបត្តិការវាយបក ដើម្បីទប់ទល់ការវាយប្រហាររបស់ក្រុមឧទ្ទាមតាលីបង់ មកលើទីក្រុង Shiberghan នៅថ្ងៃនេះ»។
បើតាមមន្រ្តីនិងប្រជាជនរស់នៅទីនោះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានសម្រុកចូលទីក្រុង Shiberghanកាលពីព្រឹកថ្ងៃទី៦ខែសីហា ហើយការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនិងបន្តរហូតមកទល់ពេលនេះ៕ដោយ៖ធីរីណា
រូបភាព៖ TASS