ភ្នំពេញ ៖ នៅរសៀល ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។
ចំពោះ ការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញ ត្រូវបានក្រសួងសុខាភិបាល ប្រកាសចាក់ជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារផងដែរ៕
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
ដោយ ៖សហការី