ខេត្តកណ្តាល : ទីបំផុត ! នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកណ្តាល ឃាត់ខ្លួនជនទំនើង ប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ! នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់អង្គភាព ” នគរដ្រេហ្គន”នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ។
ក្នុងរបាយការណ៍បានបញ្ជាក់ផងដែរថា,
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមរយៈ
កិច្ចប្រតិបត្ដិការ ស្រាវជ្រាវស៊ើបអង្កេត ដោយ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកណ្តាល និងតាមបទបញ្ជាលោកស្នងការ
សមត្ថកិច្ចឈានដល់មានករណីឃាត់ខ្លួនជនទំនើងដែលបាន រត់គេចខ្លួន និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។ បទជាប់ពីជនខាងលើនេះបានបង្កហេតុកើតឡើង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩និង ៣០នាទី ស្ថិតនៅចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល ។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យ ០១នាក់ មានឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ដដឹកដី មានទីលំនៅ ភូមិប្រធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីស្រាវជ្រាវរកឃើញ (ឃាត់ខ្លួន ) ហើយប្រព្រឹត្តក្នុងបទល្មើសជាក់ស្ដែង។
ក្នុងរបាយការណ៍សមត្ថកិច្ចបានបន្តថា , វត្ថុតាងចាប់យករួមមាន:
-រថយន្តមួយគ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 លេខតួ KMCPB 18SP2C020096 លេខម៉ាសុីន D6CA2064341 ។
សមត្ថកិច្ចបានបញ្ជាក់អំពី សភាពនៃរឿងហេតុ
គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ៣០នាទី ក្រុមចំរុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន០៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្តមួយគ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដី ដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បន្ទាប់មកក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។
ប៉ុន្តែជាលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត
តាមការបំភ្លឺរបស់ឈ្មោះ ឌឹម ប៊ុនធឿន បានឲ្យដឹងថា, ខ្លួន បានប្រគល់រថយន្តនោះទៅឲ្យ ឈ្មោះ រ័ត្ន ដើម្បីលក់ និងឈ្មោះ ភួង សុខនី ធ្វើជាសាក្សីក្នុងការលក់រថយន្តនេះទៅឲ្យ ឈ្មោះសារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍សែនស្នាយ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពុងធំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មកម្លេះ។
តាមការបំភ្លឺរបស់ឈ្មោះ ភួង សុខនី ភេទប្រុស បាន ឲ្យដឹងថា , ឈ្មោះ ឌឹម ប៊ុនធឿន ពិតជាបានប្រគល់ឡានទៅឱ្យឈ្មោះ រ័ត្ន ភេទប្រុស ធ្វើជាតំណាងដើម្បីលក់ទៅឱ្យ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ ពិតប្រាកដមែន។
ផ្អែកតាមសកម្មភាពជាក់ស្តែង របស់អ្នកបើកបរនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 រារាំងមិនព្រមឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងបើករថយន្តរត់គេច ចេញពីកន្លែងកើតហេតុ មូលហេតុ ដោយរថយន្តរបស់ខ្លួនបានផ្ទុកទំនិញ មិនត្រឹមត្រូវទៅតាមបទដ្ឋានច្បាប់ដែលកំណត់។
តាមចម្លើយសារភាពរបស់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិប្រធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទី ខ្លួនបានបើកបរ រថយន្តម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 ដែលខ្លួនបានទិញកាលពីអំឡុង ខែមិថុនា ឆ្នាំ២០២១ ដឹកដីពីចំណុច រណ្តៅដីស្ថិតនៅ ភូមិស្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្ដ កណ្តាល ឆ្ពោះទៅចំណុចវត្តទឹកថ្លា រាជធានីភ្នំពេញ ។ពេលមកដល់ចំណុចជញ្ជីងចល័ត របស់សាធារណៈការដឹកជញ្ជូន ស្ថិតនៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សមត្ថកិច្ចចម្រុះ បានឃាត់រថយន្តរបស់ខ្លួន និងរថយន្ត៣គ្រឿងទៀត ជាប្រភេទបែន ដឹកដី ដើម្បីឈប់ត្រួតពិនិត្យរថយន្ត ដោយខ្លួនខ្លាច ត្រូវផាកពិន័យច្រើន ព្រោះរថយន្តនោះបានដឹកលើសទម្ងន់ ទើបខ្លួនបានបើករំកិលថយក្រោយ ហើយបានបែនដីចាក់ចុះលើថ្នល់ជាតិ និងបានបើករត់គេចខ្លួនតែម្តង។ ក្រោយពីបើករត់គេចខ្លួនហើយឈ្មោះ សារ៉ា វីរៈ បានបើករថយន្តនោះទៅទុកក្នុងដីឡូត៍ជាប់ នឹងរបងវត្តព្រះធាតុ ដែលនៅជិតផ្ទះជួលរបស់ខ្លួន និងបានដោះផ្លាកលេខ យកទៅទុកក្នុងផ្ទះជួល មួយថ្ងៃក្រោយមក ឈ្មោះ សារ៉ វីរៈ ក៏បានបើករថយន្តនោះ ទៅទុកក្នុងរណ្តៅដីការដ្ឋាន ។ ករណីនេះ ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ដោយ, សិលា