ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានស្តារព្រែក នៅក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ។
មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យការងារនេះ លោករដ្ឋមន្ត្រី បានជម្រាបឲ្យដឹងថា តាំងតែពីបុរាណកាលមក ព្រែកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ព្រែកនាំមកនូវដីល្បប់ មច្ឆាជាតិគ្រប់ប្រភេទ ពិសេសគឺទឹក សម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារដាំដុះ ។ ឯកឧត្តមបន្តថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យើងមានព្រែកតូចធំជាង ១.៣៥០ ព្រែក ដោយឡែកតែក្នុងខេត្តកណ្តាល យើងនេះ មានព្រែក ចំនួន ៣៥៤ ព្រែក ប៉ុន្តែដោយសារពេលវេលា កត្តាធម្មជាតិ និងកត្តាមនុស្ស បានធ្វើឲ្យព្រែករបស់យើងមួយចំនួនធំ ត្រូវបានគោករាក់ និងខ្លះទៀតបានបាត់រូបរាងទាំងស្រុងតែម្តង ។
លោករដ្ឋមន្ត្រីបន្តទៀតថា នៅខេត្តកណ្តាល ក្រសួងបានធ្វើការសិក្សាវាយតម្លៃបឋមលើព្រែក ចំនួន ៣០៣ ព្រែក និងបានកំណត់យកព្រែកចំនួន ៧៧ ដែលមានសក្តានុពលខ្ពស់ជាងគេ ជាអាទិភាព សម្រាប់ការស្តារឡើងវិញ ដោយបែងចែកជាពីរដំណាក់កាល ។ ក្នុងដំណាក់កាលទី ១ ដែលយើងកំពុងអនុវត្តក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) នាពេលនេះ មានចំនួន ៣០ ព្រែក និងត្រូវអនុវត្តក្នុងរយៈពេល ០២ ឆ្នាំ ។ ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេស លោករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងថា ជាធម្មជាតិ ព្រែកមានតួនាទីនាំទឹកពីស្ទឹង ទន្លេ ទៅកាន់បឹងបួ ឬតំបន់ទំនាប នៅរដូវទឹកឡើង ហើយនៅរដូវសម្រក ព្រែកនឹងនាំទឹកពីបឹងបួ តំបន់ទំនាប មកកាន់ស្ទឹង ទន្លេវិញ ។ ប៉ុន្តែ នៅក្នុងការស្តារឡើងវិញនាពេលនេះ យើងបានធ្វើការកែប្រែខ្លះនូវចរន្តធម្មជាតិនេះ ដោយយើងសាងសង់សំណង់ទ្វារទឹកនៅនឹងមាត់ព្រែក និងសាងសង់សំណង់សិល្បការមួយចំនួននៅលើតួព្រែក ដើម្បីស្ទាក់ទឹកទុក មិនឲ្យហូរចេញមកវិញដូចពីមុនទេ ។
ចំពោះការគ្រប់គ្រង លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ពីបុរាណមក ព្រែកនីមួយៗសុទ្ធតែមានមេព្រែក ដែលមេព្រែកទាំងនោះជាអ្នកគ្រប់គ្រង ចាត់ចែង លើការប្រើប្រាស់ព្រែក ដូចនេះហើយបានជាយើងបានឮឈ្មោះមេព្រែកទាំងនោះរហូតដល់បច្ចុប្បន្ន ដូចជាព្រែកតាអ៑ុក ព្រែកតាឡៃ ព្រែកកុងវ៉ាន់ ព្រែកយាយហៃ ។ល។ ប៉ុន្តែសម្រាប់ស្ថានភាពបច្ចុប្បន្ន ក្រោយពេលដែលយើងស្តាររួច ក្រសួងនឹងរៀបចំជាសហគមន៍ ដើម្បីគ្រប់គ្រងព្រែកនីមួយៗ ។
លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនដែលកំពុងសាងសង់ យកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារ៍ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានយូរអង្វែង ៕
ដោយ៖ សុវណ្ណារ៉ា