ភ្នំពេញ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័ត ដែលលក់ និងចែកចាយស៊ីមកាតដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់
ថ្មីៗនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឱ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឱ្យឃើញ នូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួងលេខ ០០១សរ.ផម-បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និង សេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។
ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងសូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការ លើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយស៊ីមកាតដោយ មិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុនដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិត ជាមួយជនទុច្ចរិតដោយប្រយោល។ ប្រសិនបើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅតែមិនអនុវត្តតាមចំណាត់ការខាងលើ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងចាត់វិធានការដូចខាងក្រោម៖
១. ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត
២. បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ ៣. ចាត់វិធានការផ្សេងទៀតស្របតាមមាត្រា៧៨ នៃច្បាប់ស្ដីពីទូរគមនាគមន៍
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណ៏ខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តណាដែលបានប្រព្រឹត្តខុសច្បាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រោមជាព័ត៌មាន៕
ដោយ, សុខ ខេមរា