ខេត្តកណ្ដាល: ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅចំណុចភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលមក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុក
លើកដែក និងកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជា
មួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ( CMAC)បានចុះទៅពិនិត្យស្រាវជ្រាវរាវរកប្រទះឃើញគ្រាប់ចំនួន១៣៥គ្រាប់។
មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៣៥គ្រាប់នេះ គឺជាគ្រាប់ដែលសេសសល់ពីសម័យសង្រ្គាមមកម្ល៉េះ ជាប្រភេទគ្រាប់ Mortar 60 mm , 82mm , 120mm និងប្រភេទគ្រាប់មិនធាក់ថយ Recoilless 75mm ។
ប្រភពដដែលបន្តថា យោងតាមការឱ្យដឹងពីលោកស្រី ចឺយ រចនា អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទីតាំងដែលគាត់បានទិញដីនេះនៅក្នុងឆ្នាំ២០០៥បានដឹងថា នៅម្តុំនេះមានគ្រាប់ជាច្រើនដែលបានបន្សល់ទុក ហើយនៅឆ្នាំ១៩៩៣ ជំនាន់UNTAC ខាងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ( CMAC)ក៏បានចុះមកប្រមូលម្តងដែរក្នុងរណ្តៅខាងក្រោយជម្រៅជាង២ម៉ែត្របានជាច្រើនគ្រាប់ ។ បើយោងតាមការឱ្យដឹងពីលោក ចាន់ សុន អាយុ៧៩ឆ្នាំ មន្រ្តីយោធាស្រុកលើកដែកចូលនិវត្តន៍ និងជាអ្នករស់នៅទីនោះតាំងពីជំនាន់លន់ នល់ មក និងបានចុះមកបង្ហាញទីតាំងផ្ទាល់បានបញ្ជាក់ថា ទីតាំងនេះជាកន្លែងឃ្លាំងគ្រាប់របស់ទាហានខ្មែរក្រហម ដែលដឹកយកមកទុកនៅទីនេះជាច្រើនសម្រាប់វាយជាមួយកងទ័ពវៀតណាម៕ ដោយ ស្អាងជ័យ