ភ្នំពេញ, បើយោងតាមផេក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស បានអញ្ជើញចុះពិនិត្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៣ ( ដូសជំរុញ ) ជូនដល់កងទ័ព និងគ្រួសារទ័ព នៅកងការពារព្រំដែនលេខ ៦០១ ។
នាឱកាសនោះ ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានគិតគូរពីសុខទក្ខ សុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទាំងអស់ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយៈការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេសបានចាក់ជូនកងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការមានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ និងដូសទី៣ ( ដូសជំរុញ) ដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ។
ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានបន្តទៀតថា អនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគពិសេស ទទួលខុសត្រូវ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី៣នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់នាយ ពលទាហាន និងគ្រួសារទ័ពទទួលវ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ និងបានសំណូមពរដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារថ្វីត្បិតបានទទួលចាក់វ៉ាក់សាំងដូសទី៣ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ។
នៅក្នុងឱកាសនោះកងទ័ព និងគ្រួសារកងទ័ព នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។
សូមជម្រាបជូនថា តាមផែនការទិសយោធភូមិភាគពិសេស គ្រោងចាក់វាក់សាំងដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ៣.៥៦៦នាក់។ ជាលទ្ធផលពីថ្ងៃទី ១១ខែសីហាឆ្នាំ ២០២១ ដល់ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២១ បានចំនួន ២.២៩២នាក់ ហើយបច្ចុប្បន្នកំពុងដំណើរការបន្ត ៕