ប្រទេសដាណឺម៉ាកបានសម្រេចលុបចោលវិធានការរឹតត្បិតចុងក្រោយបង្អស់គឺការបង្ខំឲ្យពាក់ម៉ាស់ជួយឱ្យពលរដ្ឋវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាដូចសម័យមិនទាន់មានកូវីដ-១៩។
សារព័ត៌មាន NDTV បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងចរាចរណ៍ ដាណឺម៉ាក លោក Benny Engelbrecht ដែលបាននិយាយថា «ភាគច្រើនពលរដ្ឋដាណឺម៉ាកទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយយើងកំពុងតែវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាវិញចាប់ពីថ្ងៃទី១៤ខែកក្កដាមក។ យើងមិនចាំបាច់ពាក់ម៉ាស់ពេលធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង…នោះឡើយ ។
មន្ត្រីសុខាភិបាលដាណឺម៉ាកបានឱ្យដឹងថា ច្បាប់គម្លាតសង្គមត្រូវបានលុបចោល បើទោះបីប្រទេសនេះ នៅរកឃើញករណីឆ្លងកូវីដ-១៩ ១០០០នាក់ក្នុងមួយថ្ងៃក្តី ។ បច្ចុប្បន្ន មានពលរដ្ឋ ៦០% ក្នុងចំណោមពលរដ្ឋ ៥,៨លាននាក់ស្ថិតនៅតំបន់ Scandinavia បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ទាំងពីរដូស ។
លោក Helene Bilsted Probstមន្ត្រីគ្រប់គ្រងជំងឺឆ្លងដាណឺម៉ាកបានឱ្យដឹងថា «យើងគ្រប់គ្រងការឆ្លងក្នុងសង្គមបានល្អ ដូច្នេះយើងត្រូវកែទម្រង់ប្រព័ន្ធគ្រប់គ្រងកូវីដ-១៩ ដើម្បីជួយឱ្យពលរដ្ឋ វិលត្រឡប់មករស់នៅក្នុងជីវភាពរស់នៅល្អប្រសើរធម្មតាវិញ »។ ប៉ុន្តែនៅអាកាសយានដ្ឋាន ទីតាំងដឹកទំនិញអន្តរជាតិគឺត្រូវតែពាក់ម៉ាស់៕ ដោយ៖ធីរីណា
ដាណឺម៉ាកវិលត្រឡប់មករកជីវិតធម្មតាវិញបន្ទាប់ពីកូវីដ ១៩ រូបភាព៖ NDTV