ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ត្រូវបានជាប់ចោទថាបានរំលោភនារីក្នុងភូមិខ្លួនដែលមានប្តី និងកូនរួចហើយ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចព្រៃចំការកៅស៊ូ ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកបានប្រាប់អោយដឹងថា ជនជាប់ចោទ ឈ្មោះ ហាន សុផែន (ហៅ បឿក) ភេទប្រុសអាយុ ២០ឆ្នាំ ចំណែករងគ្រោះឈ្មោះ ក.រ.ន អាយុ១៩ឆ្នាំ រស់នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ជាមួយគ្នា ។
លោកបន្តថា ក្រោយកើតហេតុ ជនសង្ស័យបានគេចខ្លួន រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ នៃ អធិការដ្ឋាននគរបាលស្រុកពញាក្រែក បានបើក កិច្ចប្រតិបត្តិតាមចាប់ខ្លួនបានយកមកបន្តនិតិវិធី ។
លោកអធិការបន្តអោយដឹងថា មុនកើតហេតុ នារីរងគ្រោះបានមកហូបសាច់អាំង មួយកន្លែង ស្ថិតនៅឃុំក្រែក ហើយហូបរួចបានពឹងជនល្មើស ដឹកជូនទៅផ្ទះវិញ តែទៅដល់ចំណុចព្រៃស្ងាត់ ស្ថិតនៅភូមិច្រករំដេង ឃុំ ត្រពាំងផ្លុង ជនជាប់ចោទបានឈប់ហើយធ្វើចាប់រំលោភសេពសន្ថវ:ទៅលើនារី រងគ្រោះ ខាងលើ រហូតបានសម្រេច ។
ចំណែកប្រភពមួយផ្សេងទៀតបានបង្ហើបថា ករណីនេះ អាចជាករណី ប្រុសប្រកែក ស្រីប្រកាន់ ។
ករណីខាងលើនេះ កម្លាំងជំនាញ នៃ អធិការដ្ឋានស្រុក កំពុងអនុវត្តបន្តតាមនិតិវិធី ៕,វណ្ណៈ