ខេត្តកំពង់ឆ្នាំង, ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ ឲ្យក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៍សលាយក្រហម ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២,៥តោន ពាក់ស្លាកលេខចង្កូតស្ដាំPSHN 0319 បានដឹកសត្វជ្រូកបង្កកចំនួន០៣ធុងក្លាសេ ស្មើនឹង៦៥ក្បាលមានទម្ងន់៤២០គីឡូក្រាម និងគ្រឿងក្នុង៣០គីឡូក្រាម ជាប្រភេទពូជ(ជ្រូកកណ្តុរ) ឃាត់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
មន្ត្រីប្រតិបត្តិការបានបញ្ជាក់ថា, រថយន្តខាងលើបានធ្វើការនាំចូលសត្វជ្រូកបង្កកមក ពីប្រទេសថៃឡង់ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់) ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃនមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកពង់ឆ្នាំង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា, កាលពីម្សិលមិញក្រុមពេទ្យសត្វខេត្តបន្ទាយមានជ័យក៏បានចាប់រថយន្តដឹកគ្រឿងក្នុងជ្រូកចំនួន ១តោនកន្លះ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនមនុស្សពីរនាក់ ដែលបាននាំចូលតាមច្រករបៀង។ ថ្ងៃនេះក្រុមជំនាញនឹងត្រូវដុតកម្ទេចចោលបន្ទាប់ពីបានស្នើសុំទៅតំណាងអយ្យការកាលពីម្សិលមិញរួចហើយ។ ដោយឡែកអ្នកបើកបរចំនួន ២នាក់កំពុងបន្តនីតិវិធីដើម្បីស្វែងរកម្ចាស់ទំនិញ ខណៈអ្នកបើកបរមានចេតនាឆ្លើយភូតកុហកសមត្ថកិច្ច ថាខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលហើយមិនបានស្គាល់ម្ចាស់ឡាន ដឹកគ្រឿងក្នុងជ្រូកនៅឡើយ៕
ដោយ, សិលា