ខេត្តសៀមរាប៖ កាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នេះ លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោយពីទទួលបានពត៌មានពីភ្នាក់ងារសម្ងាត់ ថាមានទំនិញគេចពន្ធមកតាមជើងយន្តហោះខេត្តសៀមរាប ពេលនោះលោក នាយការិយាល័យ បានដឹកនាំកម្លាំងក្រោមឱវាទធ្វើការពួនស្ទាក់ចាប់ទំនិញគេចពន្ធជាច្រើនប្រភេទ ដែលឈ្មួញខិលខូចលួចនាំចូលពីសហរដ្ឋអាមេរិច តាមរយៈយន្តហោះមកកាន់ខេត្តសៀមរាប ហើយធ្វើការដឹកជញ្ជូនតាមរយៈរថយន្តម៉ាក សាំងយ៉ុង។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។នៅក្នុងការស្ទាក់ចាប់រថយន្តដឹកទំនិញគេចពន្ធនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរថយន្ត០១គ្រឿង ហើយធ្វើការឆែកឆេរ រកឃើញមាន ឱសថ បំប៉នសុខភាព និងគ្រឿងសំអាងចំនួន ៥៤កេះ ដែលគ្មានបញ្ជីការ ទូរស័ព្ទម៉ាក Sam Sung ចំនួន ០៤គ្រឿង IPhone ចំនួន ០១គ្រឿង IPad ចំនួន ០៣គ្រឿង សរុប ៨គ្រឿងគ្មានពន្ធនាំចូល។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកធ្វើការឃាត់ខ្លួននោះទី១-ឈ្មោះ ជា ម៉ារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជាអ្នកនាំទំនិញចូលមកប្រទេសកម្ពុជា។ ទី២-ឈ្មោះ យិន ផៃ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធីច្បាប់៕ សហការី