ភ្នំពេញ ៖ កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនសង្ស័យ២ នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការ ចោទប្រកាន់ពីបទ ឆបោក ដោយមានស្ថានទម្ងន់ទោស ។
សូមបញ្ជាក់ថា, ជនសង្ស័យម្នាក់ឈ្មោះ អ៊ុំ សេដ្ឋី ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ ជានាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ និងម្នាក់ទៀតឈ្មោះ ហ៊ឹម សុភាព ហៅ ជា សុភាព ហៅ ជា សុវណ្ណារិទ្ធ ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរ ជាអ្នករត់ម៉ូតូឌុប និងអតីតៈជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យទាំង២ នាក់ គឺបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូង បានបើកការសាកសួរជនសង្ស័យអស់រយៈពេល២ ថ្ងៃ នឹងបានចោទប្រកាន់ជាផ្លូវការ ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា, ករណីនេះ តំណាងអយ្យការទទួលបន្ទុកបានបើកការស៊ើបសួររួចរាល់ហើយ និងបានចោទប្រកាន់ជនសង្ស័យពីបទ ឆបោក ដោយមានស្ថានទម្ងន់ទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបជូនថា, ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣.១៤ ខែសីហា ឆ្នាំ២០២១ ដែលសំណុំរឿងនេះបានស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងបើការស៊ើបសួរ ។ ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនោះ បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសាកសួរ ឈានដល់ឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ក្រោយពីតុលាការសម្រេចឃុំខ្លួនជនជាប់ចោទទាំង២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ACU បានប្រកាសព័ត៌មានជាសាធារណៈ ទាក់ទិននឹងការចាប់ខ្លួន នាយកសាលាបឋមសិក្សាម្នាក់ និងអ្នករត់ម៉ូតូឌុបម្នាក់ឲ្យដឹងថា (សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ក្នុងរយៈពេលពីរថ្ងៃ អ.ប.ព អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្ត្រី អ.ប.ព ទៅទារលុយពីជនរងគ្រោះ ។ កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ នៅកន្លែងនោះថា មានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ ។ ព័ត៌មានចុងក្រោយគឺមានអំពើទារលុយនេះ រហូតដល់ប៉ះមកលើអ្នកគ្រូនាយកសាលានិងមុខសញ្ញាមួយចំនួនទៀត ។ អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័ស រហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់ លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ យើងមានការហួសចិត្តដែលជានាយកសាលាមួយរូបតាំងពីឆ្នាំ២០១៥ មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់ ។ មុននឹងបញ្ជូនទៅតុលាការ អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង២ ករណីនេះសងលុយមកដល់អ្នករងគ្រោះបានយ៉ាងមានប្រសិទ្ធភាព) បន្ទាប់ពីអង្គភាព ACU ក្រិនរឿងបានយ៉ាងណែនពេញដៃ (មានភ័ស្តុតាង)ច្បាស់លាស់បំផុត ៕
ដោយ , ( RA RA)