ស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពិតជាអាក្រក់ ដោយសារតែក្រុមតាលីបង់ទទួលបានជ័យជម្នះទៅលើកម្លាំងទាហានរដ្ឋាភិបាលយ៉ាងងាយស្រួលបំផុត ដោយណ្តើមបានទីតាំងគ្រប់គ្រងជិត២០ខេត្តក្រុងហើយ។ ដើម្បីសុវត្ថិភាពប្រទេសជាច្រើនក៏បានដកមន្ត្រីបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន ។ នៅពេលនេះ កម្លាំងទាហានអូស្ត្រាលីបានជម្លៀសពលរដ្ឋរបស់ខ្លួនរាប់រយនាក់ចេញពីអាហ្វហ្គានីស្ថានជាបន្ទាន់ ក្នុងពេលក្រុមតាលីបង់ត្រៀមបើកការវាយប្រហារចូលទីក្រុងកាប៊ុល។ សារព័ត៌មាន ABC បានផ្សាយថា កម្លាំងទាហានអូស្ត្រាលី បានទៅដល់ទីក្រុងកាប៊ុលដើម្បីជម្លៀសពលរដ្ឋចេញពីទីនោះ ដោយខ្លាចក្រុមតាលីបង់វាយប្រហារ។ ចំណែកអង់គ្លេសវិញ មន្ត្រីស្ថានទូតបានចាកចេញពីទឹកដីអាហ្វហ្គានីស្ថាននៅយប់ថ្ងៃទី១៥ខែសីហា។ កម្លាំងទាហាន អង់គ្លេសក៏បានទៅចូលរួមជម្លៀសពលរដ្ឋអង់គ្លេសផងដែរ ក្នុងនោះមានមន្ត្រីបុគ្គលិកស្ថានទូត ។ ជាមួយគ្នានេះប្រទេសដែលមានស្ថានទូតនៅក្នុងទឹកដីអាហ្វហ្គានីស្ថានក៏ដូចជាមានពលរដ្ឋនៅទីនោះបាននាំគ្នាជម្លៀសពលរដ្ឋចេញឲ្យបានទាន់ពេលវេលា ខណៈដែលក្រុមតាលីបង់បានត្រៀមវាយប្រហារចូលរដ្ឋធានីកាប៊ុល ។ ក្រុមសកម្មប្រយុទ្ធតាលីបង់បានចាប់ផ្ដើមប្រតិបត្តិការវាយលុកចូលនៅតាមតំបន់ជាយរដ្ឋធានីកាប៊ុលហើយនៅថ្ងៃទី១៥ ខែសីហានេះ បន្ទាប់ពីបានវាយដណ្ដើមកាន់កាប់ទីក្រុង Jalalabad ដែលជាទីក្រុងធំចុងក្រោយគេបង្អស់របស់រដ្ឋាភិបាលទីក្រុងកាប៊ុលយ៉ាងងាយស្រួលដោយមិនចាំបាច់ មានការវាយប្រយុទ្ធគ្នា។ ការបាត់បង់ទីក្រុង Jalalabad មានន័យថាទីក្រុងសំខាន់ៗទាំងអស់របស់អាហ្វហ្គានីស្ថានបានធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់លើកលែងតែរដ្ឋធានីកាប៊ុលមួយចេញតែប៉ុណ្ណោះ។ នៅថ្ងៃអាទិត្យនេះដែរឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានចុះចតនៅឯស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដើម្បីចាប់ផ្ដើមជម្លៀសបុគ្គលិកទូតចេញពីអាហ្វហ្កានីស្ថាន។ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ធ្លាប់បានព្រមានក្រុមតាលីបង់ថានឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីយោធាអាមេរិក បើហ៊ានបើកការវាយប្រហារ ឬធ្វើឱ្យយោធាអាមេរិកស្ថិតនៅក្នុងគ្រោះថ្នាក់ក្នុងពេលនៃការជម្លៀសបុគ្គលិកទូត, ពលរដ្ឋអាមេរិក រួមទាំងជនជាតិអាហ្វហ្គានីស្ថាន ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក៕ដោយ៖ធីរីណា
ប្រភព៖ Getty.