ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈជិះម៉ូតូកំពុងឈប់ចាំភ្លើងពណ៌ខៀវស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបេីកមកបុកពីក្រោយអូសជាច្រេីនម៉ែត្រ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបទួលពង្រ ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះលៀង ជុំ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1C-5303 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុដោយសារភ្លេីងស្តុបពណ៌ក្រហមជនរងគ្រោះក៏ឈប់ម៉ូតូ ភ្លាមនោះស្រាប់តែមានរថយន្តធុនធំដឹកទំនិញរបស់ក្រុមហ៊ុន L.M.H ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-3654 បេីកមកពីក្រោយក៏បុកម៉ូតូអូសជាប់ក្រោមរថយន្តបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
ក្រោយកេីតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់និងទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕
ដោយ៖សុខាសែនជ័យ