អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីរាយការណ៍ប្រចាំថ្ងៃនៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន២០,១២៨ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ២៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៩,៨៥៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧២ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ខណៈដែលអ្នកជំងឺចំនួន ២០,៧៩១នាក់ផ្សេងទៀត ក្រោយព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២៣.២លានដូស ក្នុងនោះប្រជាជន ៥.០៣លាននាក់ (៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៤៨,៤៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៩៧៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧៣០,៤៣៧នាក់៕ដោយ៖សហការី