ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៅល្ងាចថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅថ្ងៃទី១៩ សីហាស្អែកនេះ! កម្លាំងជំនាញខណ្ឌដូនពេញ នឹងបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់(ពីអ្នកធ្វើចត្តាឡីស័ក) នៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
បេីយោងតាមការបញ្ជាក់ពីកម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៍ខណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់នៅចំណុចមុខសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ៖ ឆបោកប្រាក់(ពីអ្នកធ្វើចត្តាឡីស័ក) ប្រព្រិត្តនៅចំណុចសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ជនសង្ស័យទី១-ឈ្មោះ សុខ វណ្ណថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ បូរ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមម៉ូតូ ស្នាក់នៅផ្ទះលេខ១៥អឺ៣ ផ្លូវលេខ១០៧ ភូមិ៧ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ រថយន្តមួយគ្រឿងម៉ាក លុចស៊ីស៤៧០ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2D-7199,ទូរស័ព្ទដៃមួយគ្រឿងម៉ាក REALME ពណ៌ស្វាយ និងលុយខ្មែរចំនួន៤០ម៉ឺនរៀល(សែសិបម៉ឺនរៀល) (ជារបស់ជនសង្ស័យឈ្មោះ សុខ វណ្ណថា)។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone6 ពណ៌ទឹកមាស (ជារបស់ជនសង្ស័យឈ្មោះ បូរ សុភ័ក្ត្រ)។ ចំណែកជនរងគ្រោះ និងសម្ភារបាត់បង់(គ្មាន)។
មន្រ្តីដដែល បន្តថា យោងតាមដំណើររឿងហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សុខ វណ្ណថា និងឈ្មោះ បូរ សុភ័ក្ត្រ បានជិះរថយន្តម៉ាក លុចស៊ីស ៤៧០ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2D-7199 ទៅធានាក្មួយចំនួន០២នាក់ ស្រីមួយប្រុសមួយ ឈ្មោះ ហ៊ន ចាន់ណា និងឈ្មោះ ហឿន ចាន់ធី(ប្តីប្រពន្ធ)ដែលកំពុងធ្វើចត្តាឡីស័កបានចំនួន១២ថ្ងៃនៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយបានការណែនាំពីអ្នកយាមនៅកន្លែងធ្វើចត្តាឡីស័ក ជនសង្ស័យទាំង០២នាក់បានធ្វើលិខិតធានា និងមានចំណារឯកភាពពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អនុញ្ញាតិឲ្យអ្នកធ្វើចត្តាឡីស័កពីរនាក់ប្តីប្រពន្ធខាងលើត្រឡប់ទៅផ្ទះវិញ ក្រោយមកមានការលេចលឺព៌ត៌មានថាជនសង្ស័យទាំង០២នាក់បានយកលុយចំនួនមួយលានរៀលជាថ្នូរធានាចេញពីកន្លែងធ្វើចត្តាឡីស័ក។ លុះនៅវេលាម៉ោង២០ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យទាំង០២នាក់ រួមនិងរថយន្តមួយគ្រឿង នាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ សុខ វណ្ណថា និងឈ្មោះ បូរ សុភ័ក្ត្រ បានសារភាពថាខ្លួនបានធ្វើការធានាប្តីប្រពន្ធចេញកន្លែងធ្វើចត្តាឡីស័កប្រាកដមែន តែមិនបានយកលុយចំនួនមួយលានរៀលធ្វើជាថ្នូរក្នុងការធានានោះទេ។ ដោយឡែកនៅចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ថា ទិសដៅបន្តអធិការដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌ៕
ដោយ៖ស តារា