ភ្នំពេញ៖ ដោយសារតែក្រុមយុវជនមួយចំនួនតែងតែបង្កភាពអនាធិបតេយ្យនូវតាមដងផ្លូវសាធារណៈ ដូច្នេះសហព័ន្ធកីឡាយានយន្តកម្ពុជា បានបង្កើតកម្មវិធីប្រណាំងម៉ូតូចំនួន៤កម្រិតផ្សេងគ្នា សម្រាប់ឲ្យយុវជនបង្ហាញសមត្ថភាពរៀងៗខ្លួនដោយស្របច្បាប់ និងទទួលបានការគាំទ្រពីមហាជនទូទៅនិងសង្គមជាតិ។ នេះបើតាមការលើកឡើងរបស់លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា កាលពីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦នៅកោះពេជ្រ។
លោកមៀច សុផាន់ណាមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្តយុវជនយើងដែលស្រឡាញ់វិស័យកីឡា ប្រណាំងម៉ូតូនាចប្ចុប្បន្នហើយជាឱកាសជំរុញនិងលើកកម្ពស់វិស័យកីឡាប្រណាំងយានយន្តផងនោះ សហព័ន្ធបានរៀបចំព្រឹត្តិការណ៍ Kara Cup 2016 ក្នុងន័យតម្រង់ទិសឲ្យយុវជនងាកមករកផ្លូវត្រូវ ជៀសវាងនាំគ្នាជិះម៉ូតូបង្ហោះតាមទីសារធារណៈបាត់បង់សេចក្តីថ្លៃថ្នូរគ្រួសារនិងសង្គមជាតិ។
លោកបានអះអាងថា សហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជានិងខិតខំធ្វើយ៉ាងណាគៀងគរ ស្វែងរកអ្នកឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតឲ្យបានកម្មវិធីប្រណាំងម៉ូតូ Kara Cup 2016 ឲ្យបានច្រើនដងក្នុងមួយឆ្នាំ ក្នុងនោះសហព័ន្ធនិងស្វែងរកគ្រូបង្ហាត់ល្អៗមកពីបរទេស ដើម្បីបណ្តុះបណ្តាលកីឡាករកីឡាការិនីកម្ពុជាឆ្ពោះប្រកួតប្រជែងនៅលើឆាកអន្តរជាតិនាពេលខាងមុខ។
គួររំលឹកថា ជាលទ្ធផលក្នុងការប្រកួតប្រណាំងម៉ូតូ៤កម្រិតផ្សេងៗគ្នាវគ្គជម្រុះបឋមដើម្បីរកទីតាំងប្រកួតជម្រុះនិងឈានទៅប្រកួតផ្តាច់ព្រ័ត្រនារសៀលថ្ងៃទី២៦ខែមីនាម្សិលមិញ Class E មានម៉ូតូចំនួន ១៣គ្រឿងជាប្រភេទម៉ូតូលេខអូតូ កម្លាំងម៉ាស៊ីុន ១០០ដល់១១៥cc អ្នកដែលបន្តប្រកួតវគ្គជម្រុះនាព្រឹកថ្ងៃទី២៧ខែមីនានេះចំណាត់ថ្នាក់លេខ១ម៉ូតូដែលពាក់ស្លាកសម្គាល់៥៤,ចំណាត់ថ្នាក់លេខ២ម៉ូតូពាក់ស្លាកសម្គាល់៥២,ចំណាត់ថ្នាក់លេខ៣ម៉ូតូពាក់ស្លាកសម្គាល់៤៤,ចំណាត់ថ្នាក់លេខ៤ម៉ូតូពាក់ស្លាកសម្គាល់ ៦៦និងចំណាត់ថ្នាក់លេខ៥ម៉ូតូពាក់ស្លាកសម្គាល់០៣។
Class C មានម៉ូតូចំនួន ៨គ្រឿងជាប្រភេទម៉ូតូប្រើចង្កឹះលេខ កម្លាំងម៉ាស៊ីុន ១២៥ccម៉ូតូដែលពាក់ស្លាកសម្គាល់១២ជាប់ចំណាត់ថ្នាក់លេខ១,ចំណាត់ថ្នាក់លេខ២ម៉ូតូពាក់ស្លាកសម្គាល់២២,ចំណាត់ថ្នាក់លេខ៣ម៉ូតូពាក់ស្លាកសម្គាល់៩៣, ចំណាត់ថ្នាក់លេខ៤ម៉ូតូពាក់ស្លាកសម្គាល់២១និងចំណាត់ថ្នាក់លេខ៥ម៉ូតូពាក់ស្លាកសម្គាល់២៥។
Class B មានម៉ូតូចូលរួមប្រកួតជម្រុះចំនួន១៦គ្រឿងជាប្រភេទម៉ូតូប្រើអង់ប្រីយ៉ា កម្លាំងម៉ាស៊ីុន ១២៥ដល់១៣៥cc ម៉ូតូពាក់ស្លាកលេខ២៨ជាប់ចំណាត់ថ្នាក់លេខ១,លេខ២ម៉ូតូពាក់ស្លាកសម្គាល់៣៦,លេខ៣ម៉ូតូពាក់ស្លាកសម្គាល់៣៩, លេខ៤ម៉ូតូពាក់ស្លាកសម្គាល់៩៩និងលេខ៥ម៉ូតូពាក់ស្លាកសម្គាល់៦៥។
Class A មានម៉ូតូចូលរួមចំនួន១១គ្រឿងជាប្រភេទម៉ូតូកែច្នៃ កម្លាំងម៉ាស៊ីុន ១៥០ccចុះ លេខ១បានទៅលើម៉ូតូដែលមានស្លាកសម្គាល់៩៣, លេខ២ម៉ូតូពាក់ស្លាកសម្គាល់៧១, លេខ៣ម៉ូតូពាក់ស្លាកសម្គាល់ ៣២, លេខ៤ម៉ូតូពាក់ស្លាកសម្គាល់៩៤និងលេខ៥ម៉ូតូពាក់ស្លាកសម្គាល់២៦។គួរបញ្ជាក់ថា ការប្រកួតណាំងវគ្គជម្រុះបឋមនេះពួកគេមានថិរវេលាត្រឹមតែ១០នាទីប៉ុណ្ណោះ៕
ដោយ៖ សារីម