អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីរាយការណ៍ប្រចាំថ្ងៃនៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៤១៧ករណី, ខណៈអ្នកជំងឺចំនួន ២៩៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ជាក់ស្ដែងក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,២៧១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៤៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២១,១៨៦នាក់ផ្សេងទៀតក្រោយជាសះស្បើយ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
ប្រទេសថៃ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា បច្ចុប្បន្នថៃ រហូតមកទល់ពេលនេះបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១០២,៣៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ១០,០៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩០៣,០១៥នាក់៕ដោយ៖ស តារា