ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឧត្តមសេនីយ៍ឯក គឹម ជាតិ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ជនខិលខូចឈប់លក់អាល់កុល និងបរិក្ខារពេទ្យក្លែងក្លាយបន្តទៀត បើមិនចង់ជាប់ទោសទណ្ឌ។ ចំពោះ ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក ឧត្តមសេនីយ៍ឯក គឹម ជាតិ តំណាងនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កម្ទេចចោលអាល់កុលក្លែងក្លាយជាង ៧ម៉ឺនលីត្រ នៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក គឹម ជាតិ បានថ្លែងថា តបតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យចូលរួមគ្រប់ភាគីទាំងអស់ ដើម្បីជួយទប់ស្កាត់នូវបញ្ហាកូវីដ១៩នេះ ហើយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក៏បានចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់បរិក្ខារពេទ្យ ជាពិសេសទៅលើអាល់កុល ម៉ាស ជែល និងថ្នាំព្យាបាលជំងឺកូវីដ ក៏ប៉ុន្តែជនឱកាសនិយមនៅតែឆ្លៀតឱកាស។ ជនឱកាសនិយម បានផលិតបរិក្ខារពេទ្យ និងអាល់កុលក្លែងក្លាយ ព្រោះតម្លៃនៃការផលិតទាប ធ្វើឲ្យលក់ទៅចំណេញបានច្រើន។
លោកបញ្ជាក់ថា «គណៈកម្មាធិការអត់បញ្ឈប់ការស្រាវជ្រាវ បរិក្ខារពេទ្យទេ ត្រូវតែពិនិត្យ និងបង្ក្រាប។ ហើយក៏សូមអំពាវនាវ ទៅដល់អាជីវករទាំងអស់នាំចូល ចែកចាយឲ្យមានគុណភាព និងឲ្យមានស្តង់ដារជាក់លាក់ ដើម្បីរួមចំណែកការពារកូវីដ។ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ មុននឹងជាវត្រូវពិនិត្យពីគុណភាពឲ្យបានច្បាស់»។
សូមជម្រាបថា អាល់កុលក្លែងក្លាយ (ដែលប្រើសារធាតុមេតាណុលលើសកម្រិត តាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល) ចំនួន ៧៤,០៦០លីត្រ ដែលត្រូវកម្ទេចចោលនៅថ្ងៃនេះ បានធ្វើការបង្ក្រាបនៅទីតាំងស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
គណៈកម្មាធិការ បានបញ្ជាក់ថា អាល់កុលទាំងនេះគឺ៖
* អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
* គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេស មេរោគកូវីដ-១៩ អ្វីទាំងអស់។
* ពុំមានច្បាប់អនុញ្ញាត ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់៕ដោយ ៖សហការី