អាជ្ញាធរខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញចុះសម្របសម្រួលជាមួយម្ចាស់របងថ្មមួយកន្លែងជាប់មាត់ព្រែកផ្ដៅ ដែលសាងសង់លើដីចំណីព្រែក និងមិនមានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តកណ្ដាល៖ ដីរបងថ្មមួយកន្លែងមានទីតាំងស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលពាក់ព័ន្ធនឹងគម្រោងស្តាររបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានម្ចាស់ឈ្មោះ ស្រ៊ឺ​ ប៊ុនឡែន ត្រូវបានលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល ដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល ចុះធ្វើការសម្របសម្រួល និងណែនាំឱ្យចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

នាឱកាសនោះ​លោក​ ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ដីរបងថ្មមួយកន្លែងខាងលើនេះ បានសាងសង់លើដីចំណីព្រែក ដែលមិនមានច្បាប់អនុញ្ញាត។

លោកអភិបាលរងខេត្ត​ បានបន្តថា នៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល មានការស្តារបឹងបួរ អូរធម្មជាតិ ចំនួន ២២កន្លែង បានកំពង់ អនុវត្តន៍បន្តបន្ទាប់ ជាថវិការាជរដ្ឋាភិបាល ដោយឡែកនៅចំណុចព្រែកផ្ដៅ ស្ថិតនៅក្នុងភូមិព្រែកផ្ដៅ ក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល មានក្បាលដីរបស់ប្រជាពលរដ្ឋនៅជាប់អមសងខាងព្រែកផ្ដៅនេះ ប៉ះពាល់ជាច្រើនគ្រួសារ តែពួកគាត់បានត្រេកអរ និង ចូលរួមគាំទ្រនូវគ្រប់សកម្មភាព ក្នុងការស្ដារអភិវឌ្ឍន៍គម្រោងនេះ ដោយឡែកម្ចាស់ក្បាលដីខាងលើ មានការរាំងស្ទះដល់ ការអនុវត្តន៍គម្រោងនេះ។

លោក ណុប ដារ៉ា បន្ថែមថា ក្រោយពីទទួលបានការសម្របសម្រួល និងណែនាំអំពីផ្លូវច្បាប់រួចមក បុគ្គលខាងលើបានឯកភាពតាមការណែនាំ ដោយបានស្នើសុំអនុវត្តឱ្យមានតម្លាភាពទាំងអស់គ្នា ដោយយកអ័ក្សស្ពាន និងអ័ក្សព្រែកជាគោល បើម្ខាងទៀតថយប៉ុន្មានម៉ែត្រ ថាខ្លួននឹងថយប៉ុណ្ណោះដែរ ដើរប៉ះរបង ដើមឈើ និងយល់ព្រមកាត់ និងវាយរបងនោះចោលដោយខ្លួនឯង ដោយមិនបង្កការលំបាកដល់អាជ្ញាធរឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក​អភិបាលរងខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណដល់ម្ចាស់ដីរបង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍស្ដារព្រែក ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ផង និងជាគុណប្រយោជន៍រួមផងដែរ៕ដោយ​៖សហការី​

...

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print