ប្រទេសមីយ៉ាន់ម៉ាៈ កាលពីថ្ងៃទី២៧ខែមីនា អគ្គមេបញ្ជាការកងទ័ពមីយ៉ានម៉ា ឧត្តមសេនីMin Aung Hlaing បានសន្យាថា នឹងសហការជាមួយរដ្ឋាភិបាលថ្មីដើម្បីធានាដល់ការផ្លាស់ប្តូអំណាចដោយសន្តិភាព។
ឧត្តមសេនីMin Aung Hlaing (មីន អ៊ុងឡាន) បញ្ជាក់ថាកម្លាំងប្រដាប់អាវុធមានតួនាទីធានាដល់សន្តិសុខ ក្នុងការផ្លាស់ប្តូរអំណាច និងរក្សាស្ថេរភាពនៅក្នុងប្រទេស។ កម្លាំងទាហាននឹងធានាសុវត្ថិភាពដល់ពលរដ្ឋ និងជួយដល់រដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសជាតិ។ កម្លាំងទាហាននឹងមិនលើកលែងដល់បុគ្គលណាឬក្រុមណាដែលមានចេតនាបំផ្លាញភាពសុខសាន្តរបស់ប្រទេសជាតិឡើយ។
តាមតួលេខ ប្រធានាធបិតីជាប់ឆ្នោតលោក U Htin Kyaw និងស្បថចូលកាន់ដំណែងនៅថ្ងៃទី៣០ខែមីនាខាងមុខនេះ។ ចំណែកមេទ័ពដែលចូលនិវត្តន៏ គឺលោកMyint Swe និងធ្វើជាអនុប្រធានាធិបតីទីមួយ ហើយលោកU Henry Van Thio មកពីគណបក្សឈ្នះឆ្នោតកាន់ដំណែងជាអនុប្រធានាធិបតីទីពីរ។
បើទោះបីបែបណាក្តីកងទ័ពមីយ៉ាន់ម៉ាដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសពិសេសគឺជួយកាច់ចង្កូតរដ្ឋាភិបាលឲ្យដើរលើផ្លូវត្រូវ។
លោកមីន អ៊ុងឡានបានថ្លែងនាឱកាសនោះដោយសន្យាថា នឹងចូលរួមរក្សាស្ថិរភាពរបស់ប្រទេសនៅក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ លទ្ធិប្រជាធិបតេយ្យ។ នៅក្នុងប្រទេសណាមិនដឹងទេ តែនៅក្នុងប្រទេសភូមា កងទ័ពកំពុងបន្តមានតួនាទីសំខាន់ណាស់នៅក្នុងឆាកនយោបាយ។
ពិតណាស់ថា ទោះបីជាអំណាចប្រធានាធិបតី និងអំណាចរដ្ឋាភិបាលស្ថិតក្នុងកណ្តាប់ដៃគណបក្សសម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុង សានស៊ូជីក៏ដោយ ក៏រដ្ឋាភិបាលថ្មីត្រូវការសម្លេងគាំទ្រពីស្ថាប័នកងទ័ពដោយចៀសមិន រួច។ ចូរកុំភ្លេចថា នៅក្នុងចំនួនអសនៈទំាង ៤៤០ ដែលមាននៅក្នុងសភាភូមា មានអសនៈ ១ភាគ៤ស្ថិតក្នុងកណ្តាប់ដៃកងទ័ពជាស្វ័យប្រវត្តិដោយគ្មានឆ្លងកាត់ ការបោះឆ្នោតទេ។
មួយវិញទៀត មានក្រសួងសំខាន់ចំនួន ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងទទួលបន្ទុកកិច្ចការព្រំដែនស្ថិតក្រោមការកាន់កាប់របស់ កងទ័ព មានន័យថា ស្ថាប័នកងទ័ពជាអ្នកជ្រើសរើសរដ្ឋមន្រ្តីក្រសួងទាំង ៣ នេះ។ ដូច្នេះនៅក្នុងកាលៈទេសសព្វថ្ងៃ រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យគ្មានជម្រើសអ្វី ក្រៅពីរួមសហការណ៍ជាមួយកងទ័ព៕
មែវ សុធី