ភ្នំពេញ៖ រឿងរ៉ាវលែងលះគ្នារវាងសិល្បករនៅប្រទេសអូស្ត្រាលី គឺអ្នកនាង សារីណា និងលោក ស៊ុក សុភា គឺនៅមិនទាន់បញ្ចប់នៅឡើយទេ ក្រោយពីស្ត្រីម្នាក់បានបញ្ចេញយោបល់ស៊កសៀតចាក់ដោតទៅកាន់អ្នកនាងសារីណានោះ។ ពេលនេះអ្នកនាងសារីណា បានបញ្ចេញសារក្តៅគគុកវាយមកទៅកាន់ស្ត្រីម្នាក់នោះហើយរួមទាំងព្រមានហែករឿងមួយចំនួនពីស្ត្រីនោះថែមទៀតផង។
កន្លងទៅនេះដំណឹងនៃការចែកផ្លូវគ្នាដើររវាង ចំណងស្នេហ៍អ្នកសិល្បៈដូចគ្នាដែលកំពុងរស់នៅលើកទឹកដីនៃប្រទេសអូស្ត្រាលី ដែលមានអាយុកាលជិត១ទសវត្សរ៍នេះ បានដើរដល់ផ្លូវទាល់ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៥នាក់។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមិនគួរឲ្យជឿនោះទេព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមខ្លាំងស្មើដៃគ្នានោះ។ មានការបញ្ចេញយោបល់ជាហូរហែរលើសំណេររបស់អ្នកនាងសារីណាដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់អ្នកនាងថាជូនដំណឹងអំពីការបែកបាក់ស្នេហ៍មួយនេះ។ តាមការអះអាងរបស់អ្នកអ្នកនាង សារីណាបានលើកឡើងថា មូលហេតុនៃការបែកបាក់នេះ គឺដោយសារតែមានការរឿងគ្រួសារចូលមកឡូកឡំ។ ប៉ុន្តែនាងមិនបានអធិប្បាយលម្អិតថាសាច់រឿងយ៉ាងណានោះទេ គ្រាន់តែថា រយៈកាលកន្លងមក គឺអ្នកនាងជាអ្នកទ្រាំតែម្នាក់ឯង ធ្វើអី្វីក៏ខុស គឺខុសរហូត។ ដូច្នេះដល់ពេលហើយ ដែលនាងសម្រេចចិត្តឈប់ទ្រាំចំពោះរឿងទាំងនោះទៀត។ ក្រោយការបង្ហោះសារទម្លាយរឿងក្នុងចិត្តនេះដែរ គេឃើញមានស្ត្រីម្នាក់បានបញ្ចេញយោបល់ ដោយពាក្យចាក់ដោតថា៖ “អ្នកណាមិនដឹងថានាងម្នាក់នេះ និងបក្សពួករបស់នាងជា Queen Of Drama គេដឹងសឹងតែគ្រប់គ្នាទៀតថា នាងម្នាក់នេះតាមចងកម្មចងពារ នឹងកំពូលតារាចម្រៀងម្នាក់ទាំងដែលគេមិនដែលខ្វល់ និងជីវិតរបស់នាង។ នាងជាប្រភេទមនុស្សមុខមាត់ក្តៅក្រហាយ មនុស្សមានល្បិចលួចខាំគេ ដៀមដាមផ្លែផ្កាចាក់រុក តាំងខ្លួនជាអ្នកដោះស្រាយបញ្ហាឲ្យគេ ដល់ពេលមានរឿងខ្លួនឯងដោះស្រាយមិនចេញ និងពូកែខាងទ្រឹស្ត្រីចាក់ទឹកមិនលេច នេះហើយជាលទ្ធផលដែលនាងពូកែអួតគេពេក គិតៗទៅអាណិតនាងដែរប៉ុន្តែនាងគួរពិចារណាកំហុសខ្លួនឯងខ្លះផងថានាងបានធ្វើអ្វីខ្លះ។ លើសពីនេះនាងធ្លាប់សើចចំអកនឹងខ្សែជីវិតគេ មនុស្សយើងត្រូវគិតថា បើយើងបានល្អហើយនៅឡើយកុំសើចយំអ្នកដទៃបើមិនអញ្ចឹងទេក្រែងមានបាបកម្ម ខ្ញុំមិនបានសើចយំនឹងនាងទេ ប្រាប់ឲ្យហើយគ្រាន់តែនិយាយអ្វីដែលជាការពិត ហើយមនុស្សដូចនាងក៏ចូលចិត្តអ្វីដែលគេនិយាយពិតដែរ។
សារដ៏ចាក់ដោតនេះត្រូវបានអ្នកនាងសារីណាតបវិញយ៉ាងចាស់ដៃដែរថា ភាសារអ្នកល្អត្រឹមត្រូវ អានហើយខ្ញុំដឹងថាអ្នកឯងជានរណាហើយ។អ្នកនាងបន្តដោយពាក្យចាក់ដោតតបទៅស្ត្រីខាងលើនោះវិញថា”គ្រាន់តែចង់ផ្ដាំថា ទោះយ៉ាងណា ខ្ញុំលែងប្ដីមិនរត់ទៅរកប្រុសហើយ សុំផ្ទះប្រុសនៅទេ ហើយក៏ប្ដីមិនបានមិនទុកលុយអោយ ហើយរត់ទៅជួលផ្ទះគេនៅដែរ។ ខ្ញុំដឹងរឿងអ្នកឯងទាំងអស់តែខ្ញុំទុកមុខអោយ កុំធ្វើខ្លួនល្អឯកពេក មនុស្សប្រុសហ្នឹងប្រាប់ខ្ញុំអស់ហើយថាសន្ដានអ្នកឯងយ៉ាងណា តែខ្ញុំគិតថាជាស្រីដូចគ្នាទើបមិនហែក តែមើលទៅអ្នកឯងចង់អោយពិភពលោកដឹងណាស់មែនថា សន្ដានអ្នកឯងបែបណា? ទោះជាយ៉ាងណាអ្នកនាង សារីណា មិនបានរំលេចអត្តសញ្ញាណនារីខាងលើដែលបានប្រើប្រាស់ពាក្យលេបខាយពេបជ្រាយ មកកាន់នាងថាជាអ្នកណាឲ្យពិតប្រាកដឡើយ ទោះជាយ៉ាងណាតាមការបញ្ជាក់របស់អ្នកនាងហាក់រំលេចដែរថាអាចជានារីដែលនាងធ្លាប់បានស្គាល់ប្រវត្តិច្បាស់ដូចបាតដៃនោះ ប៉ុន្តែគេមិនដឹងទេថាតើនារីដែលខេបខាយផ្លែផ្កាឲ្យនាងធ្លាប់មានទំនាក់ទំនងជាមួយអតីតស្វាមីដែរឬក៏អត់។ សង្គ្រាមពាក្យសម្តីបន្ទាប់អាចនឹងបញ្ចេញប្រសិនបើនារីនោះមិនបានបញ្ចប់ការឆ្លើយឆ្លងនោះទេ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះលោក ស៊ុក សុភាជាស្វាមីនៅមិនទាន់ បញ្ជាក់ដំណឹងណាមួយជុំវិញការប្រកាសអំពីរឿងរ៉ាវស្នេហាប្រះស្រាំខាងលើនេះ៕
ដោយ៖ វឌ្ឍនា