ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចទៅបុកបង្គោលភ្លើង មួយដើមបាក់រាបដល់ដី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ម៉ាក ONIH ពណ៌-ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3327 បើកបរតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលដែលមកដល់ត្រង់ចំណុចកើតហេតុ រថយន្តក៏បានវ៉ាជែងជាមួយនឹងរថយន្ត មួយគ្រឿងទៀត រហូតជ្រុលរ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើង មួយដើមបាក់រាបដល់ដីតែម្តង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តក្រឡុងស៊ីម៉ងត៍ដើម្បីយកទៅសួរនាំ រួចហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ រ៉ារ៉ា