ភ្នំពេញ, សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ !
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល! សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី! ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ! លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សជាទីស្រឡាញ់រាប់អាន និងបងប្អូនជនរួមជាតិទាំងអស់ជាទី គោរព
ស្នេហា !
ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមចូលរួមប្រកបដោយភាពកក់ក្ដៅជាមួយបងប្អូនជនរួមជាតិ ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំង ប្រទេសកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំ ប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទោះបីជាការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចជួបជុំប្រារព្ធទិវា អក្ខរកម្មជាតិ ៨ កញ្ញា ដោយផ្ទាល់មុខដូចសព្វដង ក៏ទិវាជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជា យុទ្ធនាការតាមប្រព័ន្ធអនឡាញ និងពីចម្ងាយតាមគ្រប់រូបភាព ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយ នៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ គ្រប់រូប ដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរ ជាពិសេសនៅក្នុង ដំណាក់កាលនៃការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩។
ទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវសារលិខិតថ្វាយ និងប្រគេនព្រះថេរានថេរៈគ្រប់ព្រះអង្គ ជាទី សក្ការៈ ជូនជនរួមជាតិ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំង ក្មួយៗ សិស្សានុសិស្សជាទីស្រឡាញ់ អំពីបុព្វហេតុ ដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ជូនដល់យុវជនគ្រប់រូប នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺសំដៅសម្រេចឱ្យ បាននូវ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាទើបអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយ ជីវិតដែលមានគោលបំណង ”ផ្ដល់ឱកាសនិងគាំទ្រឱ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាតាមគ្រប់រូបភាព និង ប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និង ប្រាក់ចំណូល ស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសង្គមពុទ្ធិ”។
ជាក់ស្តែង នៅក្នុងអំឡុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សិស្សានុសិស្ស និងនិស្សិតនៅគ្រប់ភូមិសិក្សា បានទទួលនូវសេវាអប់រំតាមគ្រប់រូបភាព រួមបញ្ចូលទាំងការអប់រំតាមបែបឌីជីថល, ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក, និងការអប់រំពីចម្ងាយតាមបែបប្រពៃណី។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងការរៀបចំផលិត និងផ្សព្វផ្សាយវីដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីអក្ខរកម្ម, កម្មវិធីសមមូលបឋមសិក្សា, និងកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ព្រមទាំងមានការជួយសម្របសម្រួលពីមន្ត្រីអប់រំក្រៅ ប្រព័ន្ធនៅតាមឃុំ សង្កាត់ អាជ្ញាធរដែនដី គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគណៈគ្រប់គ្រង មជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងគោលដៅធានាឱ្យការរៀនសូត្ររបស់អ្នកសិក្សាមាននិរន្តភាព តាមរយៈ ការអនុវត្ត «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន» បានផ្ដល់ឱកាសដល់កម្មករ កម្មការិនីទាំងនៅក្នុង និងនៅ ក្រៅប្រទេស មានលទ្ធភាពបន្តការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ។ ម៉្យាងវិញទៀត អ្នកជាប់ឃុំឃាំងនៅ តាមមណ្ឌលអប់រំកែប និងពន្ធនាគារនៅតាមរាជធានី ខេត្ត ក៏បានរៀនសូត្រនៅក្នុងកម្មវិធីថ្នាក់អក្ខរកម្ម ក្នុងគោលបំណងផ្ដល់ឱ្យពួកគាត់នូវចំណេះដឹង ជំនាញ មុខរប ចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះ ដោះស្រាយបញ្ហាដែលពាក់ព័ន្ធជីវភាពរស់នៅ បន្ទាប់ពីទទួលបានសិទ្ធិសេរីភាព និងការធ្វើសមាហរណកម្មទៅ ក្នុងសង្គមជាតិវិញ។
ក្នុងឆ្នាំ ២០២១ នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ក្នុងអត្ថន័យ ជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាស សិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ និងប្រកបដោយវិជ្ជាសម្បទា បំណិន សម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្តារឡើងវិញសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ ១៩។ ទស្សនាទាននៃប្រធានបទនៅឆ្នាំនេះ មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្ធន្ត ប៉ុណ្ណោះទេ ប៉ុន្ត បានគិតគូរដល់ឱកាស
សម្រាប់ប្រជាពលរដ្ឋយើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ មុខរបរ និងនវានុវត្តលើគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល ដែលសព្វថ្ងៃ កំពុងមានភាពចាំបាច់ និងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជនរួមជាតិជាទីស្នេហា!
ក្នុងបរិការណ៍នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្ម ជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ជាពិសេសឈានទៅសម្រេចបាននូវគោលដៅប្រែក្លាយពលករដែល ប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញស្របតាម ·យុទ្ធសាស្ត្រកំណើនថ្មី ` របស់កម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះ ករុណា ខ្ញុំសូមអំពាវនាវ ដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូបសូមយកចិត្តទុកដាក់ខ្ពស់ជា បន្តទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ក្នុងស្មារតីនេះ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដូចតទៅ៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការ ចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវការសិក្សា ពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ក៏ដូចជាការស្ដារឡើងវិញសង្គម-សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩។
ទី២- ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបន្តបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិតទាំងផ្នែកអក្ខរកម្ម ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកវិទ្យាព័តមាន ឱ្យ កាន់តែសម្បូរបែប ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា។
ទី៣- អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិន បានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវខិតខំ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀន សូត្រ ប្រកបដោយសមធម៌ និងបរិយាបន្ន។
ទី៤- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវ រាល់កម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែទូលំទូលាយ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត”។
ទី៥- ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវសកម្មចូលរួមជួយបង្រៀន ដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ បងប្អូន ជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្របាន ជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ទី៦- វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញ កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារៈប្រយោជន៍ន ការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។
ទី៧- ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជាមួយ គ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសស កម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈឱ្យមានដំណើរការល្អជាប់ជាប្រចាំ។
ទី៨- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្មគួបផ្សំជាមួយ ថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគ ផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើងទាំងអស់គ្នាត្រូវចងចាំថា “មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ · ·មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន* មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម”។
ជាថ្មីម្តងទៀត ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិត សាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអក្ខរកម្ម នាពេលកន្លងមក។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតយកឱកាសដ៏មានតម្លៃនេះ និងសូមថ្លែងអំណរគុណ ដល់ជនរួមជាតិ ទាំងអស់ជាពិសេសមន្ត្រីសុខាភិបាលជួរមុខ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសូមជនរួមជាតិទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣កុំ និង៣ការពារ ដើម្បីរួមចំណែកក្នុងការ បញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងស្រុងនៅព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរជូន សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ – សម្តេច ឯកឧត្តម លោកជំទាវ លោក លោកសី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំងក្មួយៗជាទីស្រឡាញ់ទាំងអស់ សូមសមប្រកបដោយពុទ្ធពរ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សុខ ខេមរា