ភ្នំពេញ៖ បើយោងតាម(CAMSOC) នាល្ងាចមុននេះបន្តិច ! បានបញ្ជាក់អោយដឹងថា, កីឡាករជនពិការជម្រើសជាតិកម្ពុជា វ៉ាន វ៉ុន បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៧ ក្រោយប្រើថិរវេលា ១៤.២១វិនាទី លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (2020 Tokyo Paralympic Games) នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។
សម្រាប់កីឡាករជ័យលាភីវិញ្ញាសា ដែលមានបេក្ខភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រ ៨នាក់នេះ មេដាយមាសបានទៅកីឡាករថៃ Athiwat Paeng-Nuea ប្រើថិរវេលា ១៣.៧៦វិនាទី ខណៈមេដាយប្រាក់ បានទៅអតីតម្ចាស់មេដាយមាស នៅទីក្រុង Rio ឆ្នាំ២០១៦ គឺកីឡាករហ្វាំងឡង់ Leo Pekka Tahti ប្រើថិរវេលា ១៣.៨៥វិនាទី និងមេដាយសំរឹទ្ធ បានទៅកីឡាករម៉ិកស៊ិក Juan Pablo Garcia ប្រើថិរវេលា ១៣.៨៧វិនាទី។
ចំពោះកីឡាករ វ៉ាន វ៉ុន ដ្បិតមិនអាចដណ្ដើមមេដាយជូនជាតិ តែលោកធ្វើបានយ៉ាងល្អ ជាមួយការបង្កើតកំណត់ត្រាផ្ទាល់ខ្លួន ឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ។ មិនតែប៉ុណ្ណោះ វ៉ាន វ៉ុន ក៏បានបំបែកថិរវេលាចាស់របស់ខ្លួន ដែលធ្វើបានក្នុងការប្រកួតជម្រុះ(Heat-1) កាលពីម្សិលមិញ ដោយប្រើថិរវេលា ១៤.៣៩វិនាទីផងដែរ ៕
ដោយ, សិលា