ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១ សម្តេចបានផ្តល់ជាអនុសាសន៍សំខាន់ៗ ចំនួន ៨ចំណុច ក្នុងស្មារតីនេះ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត តាមការអំពាវនាវដូចតទៅ៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការ ចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវការសិក្សា ពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ក៏ដូចជាការស្ដារឡើងវិញសង្គម-សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩។
ទី២- ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបន្តបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិតទាំងផ្នែកអក្ខរកម្ម ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកវិទ្យាព័តមាន ឱ្យ កាន់តែសម្បូរបែប ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា។
ទី៣- អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិន បានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវខិតខំ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀន សូត្រ ប្រកបដោយសមធម៌ និងបរិយាបន្ន។
ទី៤- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវ រាល់កម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែទូលំទូលាយ ក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត”។
ទី៥- ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវសកម្មចូលរួមជួយបង្រៀន ដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ បងប្អូន ជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្របាន ជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ទី៦- វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញ កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារៈប្រយោជន៍ន ការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។
ទី៧- ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជាមួយ គ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសស កម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈឱ្យមានដំណើរការល្អជាប់ជាប្រចាំ។
ទី៨- ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្មគួបផ្សំជាមួយ ថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគ ផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើងទាំងអស់គ្នាត្រូវចងចាំថា “មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ · ·មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន* មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម”៕
ដោយ, សុខ ខេមរា