ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ និងឆ្លងសមិទ្ធផលនានាក្នុង និងក្រៅ នៅវត្តអង្គក្រឡាញ់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ភ្ញៀវជាតិ និងអន្តរជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញារធស្រុកជាច្រើនរូប។
សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះរួមមាន ព្រះវិហារមួយខ្នង បណ្តោយ១៥ម៉ែត្រ ទទឹង១៥ម៉ែត្រ, សាលាធម្មសភាមួយខ្នង បណ្តោយ៣៣ម៉ែត្រ ទទឹង២២ម៉ែត្រ, ដងទុងមួយគូមានកម្ពស់២៣ម៉ែត្រ និងអណ្តូងទឹកមួយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ផ្លូវថ្មីមួយខ្សែតភ្ជាប់ពីផ្លូវ នឹម ម៉េង ទៅកាន់វត្តអង្គក្រឡាញ់ ដោយត្រូវឆ្លងកាត់ឃុំព្រះនិព្វាន និងឃុំវាល ទទឹង០៦ម៉ែត្រ និងបណ្តាយ ៤,០០០ម៉ែត្រ ស្តាស្រះទឹក និងពង្រីក បណ្តោយប្រវែង១០០ម៉ែត្រ ទទឹង២២ម៉ែត្រ និងជម្រៅ០៤ម៉ែត្រ, ឈូសពង្រាបទីធ្លារវត្ត និងចាក់ក្រាលគ្រូសក្នុងវត្ត ដើម្បីផ្តល់ភាពងាយស្រូលដល់ពុទ្ធបរិស័ទចំណុះជើងវត្ត មកធ្វើពិធីបុណ្យទាននានាផងដែរ៕
ដោយ៖ សុខ ខេមរា