កូវីដ-១៩ ៖ ជប៉ុនរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Mu ២ករណី

ចែករំលែក៖

កាលពីថ្ងៃទី៣១ ខែសីហា អង្គការសុខភាពពិភពលោក WHO បានប្រកាសថា វីរុសកូវីដ-១៩ បំប្លែងថ្មី B.1.621 ឬហៅថាវីរុសបំប្លែងថ្មី Mu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីវីរុសបំប្លែងថ្មីដែលគួរឲ្យព្រួយបារម្ភបំផុត ដោយសារតែវីរុសនេះមានសមត្ថភាពសាំុជាមួយវ៉ាក់សាំង។
តាមសារព័ត៌មាន TTXVNបានឱ្យដឹងថា នៅទីក្រុងតូក្យូ ក្នុងដំណាក់កាលត្រួតពិនិត្យនៅអាកាសយានដ្ឋាន ជប៉ុនបានរកឃើញករណីវិជ្ជមានកូវីដបំប្លែងថ្មីប្រភេទ Mu ចំនួនពីរករណី តាមការលើកឡើងរបស់ក្រសួងសុខាភិបាលជប៉ុនបានឱ្យដឹងថា បានរកឃើញស្ត្រីម្នាក់មកពីប្រទេសអារ៉ាប់រួម ចូលមកកាន់អាកាសយានដ្ឋាន Narita និងស្ត្រីម្នាក់ទៀតមកពីអង់គ្លេសដែលមកកាន់អាកាសយានដ្ឋាន Haneda គឺវិជ្ជមានកូវីដ-១៩ប្រភេទ Mu។
បណ្តាញទូរទស្សន៍ជប៉ុន បានដកស្រង់សម្តីអគ្គនាយកមន្ទីរស្រាវជ្រាវជំងឺឆ្លងជប៉ុន NIID លោក Wakita Takaji ដែលបានបញ្ជាក់ថាមានវីរុសបំប្លែងថ្មីជាច្រើនកើនឡើង ប៉ុន្តែយើងចាំបាច់ត្រូវតែផ្តោតទៅលើវីរុសបំប្លែងថ្មីដែលមានសមត្ថភាពចម្លងខ្ពស់ និងប៉ះពាល់ខ្លាំង។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វីរុសបំប្លែងថ្មី Mu បានរកឃើញដំបូងគេបង្អស់នៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករាឆ្នាំ២០២១ ។ មកដល់ពេលនេះវីរុសMu បានឆ្លងរាលដាលដល់មនុស្សនៅ៣៩ប្រទេសហើយជុំវិញពិភពលោក ក្នុងនោះមានអាមេរិកខាងត្បូង អឺរ៉ុប តែចំនួនករណីឆ្លងមិនដល់ ០,១% នៃការឆ្លងនៅលើពិភពលោកនោះទេ។ ប៉ុន្តែនៅក្នុងប្រទេសកូឡំប៊ី មានករណីឆ្លងវីរុសនេះដល់ទៅ ៣៩%។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វីរុស Alpha បានឆ្លងនៅ១៩៣ប្រទេសនិងដែនដី ។ ចំណែកវីរុស Delta បានឆ្លងនៅ១៧០ប្រទេសនិងដែនដី រីឯវីរុស Mu កំពុងស្ថិតនៅក្នុងដំណាក់កាលតាមដាន៕ ដោយ៖ធីរីណា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print