ពលរដ្ឋនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី នៅថ្ងៃទី ១១ខែកញ្ញា បាននាំគ្នាទៅកាន់ឆ្នេរសមុទ្រ ហាលថ្ងៃ ក្នុងពេលអាកាសធាតុមានសីតុណ្ហភាព ៣០អង្សាសេ មិនខ្វល់ពីកូវីដ ១៩ ដែលកំពុងតែឆ្លងរាលដាល ក្នុងតំបន់បានបិទខ្ទប់។
នៅថ្ងៃទី១១ ខែកញ្ញា ពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាទៅកាន់ឆ្នេរសមុទ្រ ក្នុងតំបន់ Bronte, Bondi និង Manly ដើម្បីហាលថ្ងៃ។ ការជួបជុំគ្នាច្រើននៅឆ្នេរសមុទ្រ បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ ១៩ជាថ្មី។ ប៉ុន្តែមន្ត្រីសុខាភិបាល រដ្ឋ New South Wales លោក Brad Hazzard បានបញ្ជាក់ថា បរិយាកាសនៅខាងក្រៅគឺបរិសុទ្ធនិងមានសុវត្ថិភាព ក្នុងពេលនេះ ដោយគ្រាន់តែបារម្ភ ខ្លាចពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។
ប៉ុន្តែដើម្បីតាមដានការអនុវត្តវិធានការទប់ស្កាត់កូវីដ ១៩ កម្លាំងប៉ូលិស ក្នុងតំបន់បានបង្កើតទីតាំងត្រួតនិត្យផ្លូវធំដើម្បីធានាថាពលរដ្ឋមិនធ្វើដំណើរលើសពី ៥គីឡូម៉ែត្រពីផ្ទះរបស់ខ្លួននោះឡើយ ។ ប៉ុន្តែក្រោយការបើកទ្វារឆ្នេរសមុទ្របានប៉ុន្មាន ក៏ត្រូវបិទវិញផងដែរ ក្រោយមានពលរដ្ឋទៅច្រើន។
ផ្ទុយទៅវិញ រដ្ឋដែលមានប្រជាជនរស់នៅច្រើនបំផុតទី៣ របស់ប្រទេសអូស្រ្តាលី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះបានព្រមានថា ខ្លួនអាចបញ្ជាឱ្យដាក់ចេញនូវវិធានការបិទខ្ទប់ភ្លាមៗ បន្ទាប់ពីមានករណីឆ្លងជំងឺ COVID-19 ជាចង្កោមត្រូវបានរកឃើញនៅក្នុងរដ្ឋនេះ។
មន្ត្រីរដ្ឋ Queensland ដែលមានប្រជាជនរស់នៅជាង ៥លាននាក់ បាននិយាយថាខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីគ្រួសារមួយបានធ្វើតេស្តវិជ្ជមានចំពោះជំងឺឆ្លង ដ៏កាចសាហាវនេះ។ ជុំវិញបញ្ហានេះ នឹងមានការសម្រេចនៅប៉ុន្មានថ្ងៃខាងមុខទៀតថាតើវិធានការបិទខ្ទប់ គួរតែត្រូវដាក់ចេញដែរ ឬទេ?
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ អូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេស ៧១,៩៧២ ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៨៤នាក់ និងអ្នកជាសះស្បើយ ៣៦,១៧៣នាក់៕ ដោយ÷ ធី រីណា
មនុស្សមមាញឹកទៅឆ្នេរ Bronte នៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី