ខេត្តត្បូងឃ្មំុ៖ លោកវរសេនីយ៍ ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី ២៩ ខែមីនា ២០១៦ នៅលើថ្នល់ជាតិលេខ៧ ចំណុចមុខរោងម៉ាសីុនកិនស្រូវក្រុមហ៊ុននីកូលីន ក្នុងភូមិសាស្ត្រភូមិវាលកណ្តៀង ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ មានក្រុមក្មេងទំនើង ញៀនថ្នាំ ចំនួន 0៥នាក់ ជិះម៉ូតូ 0២ គ្រឿងប្រើដាវ 0២ដើម ធ្វើសកម្ម ភាពដេញកាប់យុវជនម្នាក់ ឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ ដោយគ្មានមូលហេតុ និងបានបណ្តាលឲ្យរងរបួសបែកក្បាល 0៥ ស.ម។
លោកអធិការរងរូបនេះបានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលស្រុកនិងប៉ុស្តិ៍ជប់ បានស្រាវជ្រាវចាប់ខ្លួន ជនដៃដល់ បានចំនួន 0២នាក់ ទី១ ឈ្មោះ ស៊ាម ភារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ទី២ ឈ្មោះ ផៃ សុខម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ សួងលិច សង្កាត់សួង ក្រុង សួង ក្នុងនោះសម្មត្ថកិច្ចដកហូតបាន ដាវចំនួន ០២ ដើម។ ដោយឡែកជនល្មើស 0៣ នាក់ទៀត សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណ ហើយកំពុងបន្តស្វែងរកចាប់ខ្លួន ។
លោកបន្តថា ករណីនេះ ជនល្មើសដែលចាប់បាន សមត្ថកិច្ច នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ វណ្ណះ