តាមសារព័ត៌មាន Khaama Press បានផ្សាយថា ក្រុមតាលីបង់បានរកឃើញប្រាក់សុទ្ធរហូតដល់ទៅ៦លានដុល្លារ និងមាស១៥ដុំនៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh ។
សារព័ត៌មាន Khaama Press បានផ្សាយថា តាមឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញឱ្យឃើញថា ខ្មាន់កាំភ្លើងក្រុមតាលីបង់បានបង្ហាញពីទ្រព្យសម្បត្តិដែលបានរកឃើញនៅក្នុងផ្ទះរបស់លោក Amrullah Saleh។ នៅពេលនេះដែរអតីតអនុប្រធានាធិបតី មិនទាន់មានប្រតិកម្មអ្វីនោះឡើយចំពោះការរកឃើញខាងលើ។
លោក Amrullah Saleh បានប្រកាសថាមានសិទ្ធិ និងភារកិច្ចជាប្រធានាធិបតីនៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១ ក្រោយក្រុមតាលីបង់គ្រប់គ្រងរដ្ឋធានីកាប៊ុលនៅថ្ងៃទី ១៥ខែសីហា ក្រោយពីប្រធានាធិបតី Ashraf Ghani គាំទ្រដោយប្រទេសលោកខាងលិចត្រូវរត់ភៀសខ្លួនចេញពីប្រទេស។
នៅពេលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទសប្ដាហ៍នេះបានជំរុញឱ្យសហគមន៍អន្តរជាតិចូលរួមជាមួយក្រុមតាលីបង់ និងផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំងបំផុតដល់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលជើងហោះហើរពាណិជ្ជកម្មបរទេសដំបូងបានចាកចេញពីទីក្រុងកាប៊ុល (Kabul) ដែលជាសញ្ញានៃក្ដីសង្ឃឹមសម្រាប់អ្នកដែលនៅតែព្យាយាមចង់ចាកចេញពីប្រទេស។
លោក Antonio Guterres កំពុងស្ថិតនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីុស ដើម្បីរៀបចំសន្និសីទមួយ ដែលមានបំណងរៃអង្គាសប្រាក់ ៦០០លានដុល្លារអាមេរិកសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ដែលបានហែកហួរដោយអំពើហិង្សាអស់រយៈពេល២០ឆ្នាំមកនេះ។
លោក Antonio Guterres បានប្រាប់រដ្ឋមន្ត្រីដែលចូលរួមកិច្ចពិភាក្សានៅក្នុងទីក្រុងហ្សឺណែវថា «វាមិនអាចទៅរួចទេក្នុងការផ្តល់ជំនួយមនុស្សធម៌នៅប្រទេសអាហ្វហ្គានីស្ថាន ដោយមិនមានការចូលរួមពីអាជ្ញាធរ។ វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមបង្កើនទំនាក់ទំនងជាមួយក្រុមតាលីបង់ នៅពេលបច្ចុប្បន្ននេះ»។ លោក Antonio Guterres បានជំរុញឱ្យប្រទេសនានា «រកវិធីដែលអនុញ្ញាតឱ្យមានការចាក់បញ្ចូលសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ចនៃប្រទេសអាហ្វហ្គានីស្ថាន» ដើម្បីបញ្ចៀសការដួលរលំសេដ្ឋកិច្ចទាំងស្រុង ដែលនឹងបណ្ដាលឱ្យមាន «ផលវិបាក និងការបំផ្លិចបំផ្លាញ» យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន៕ដោយ៖ធី រីណា
ពួកតាលីបង់អះអាងថាពួកគេបានឆ្មក់ចូលផ្ទះរបស់អាំរុឡាឡាសាឡេះ។ រូបថត៖ India Today
តាលីបង់រឹបអូសប្រាក់រាប់លានដុល្លារពីផ្ទះអតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន
កាបូបលុយមួយត្រូវបានរកឃើញនៅផ្ទះរបស់អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន។ រូបថត៖ Twitter/ Ahmadullah Muttaqi