ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោស ឃាតក ដាក់ពន្ធនាគារកំណត់៥ ឆ្នាំ ដែលប្រព្រឹត្តបទល្មើស បើករថយន្តតាមបាញ់ប្រហារប៉ុនប៉ងសម្លាប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាផ្តន្ទាទោសអតីតអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ទោ ដួង ណាគ្រី ដាក់ពន្ធនាគារកំណត់៥ ឆ្នាំ តម្រូវឲ្យអនុវត្តក្នុងពន្ធនាគារត្រឹមតែ៣ ឆ្នាំ ទោសសល់ប៉ុន្មានព្យួរទាំងអស់ ពាក់ពន្ធករណីបើករថយន្តតាមបាញ់ប្រហារប៉ុនប៉ងសម្លាប់ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។ សាលដីកាបានបើកផ្លូវទុកសិទ្ធិឲ្យភាគីណាមួយ មិនសុខចិត្តប្តឹងសារទុកទៅតុលាការកំពូលតាមកំណត់ច្បាប់ ។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក កូយ សៅ អនុប្រធាន និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងជនជាប់ ចោទ អតីតអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ទោ ឌួង ណាគ្រី ដាក់ពន្ធនាគារកំណត់ ១០ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ បញ្ញត្តិច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ និងគ្រាប់រំសេវ ។ សាលក្រមនោះត្រូវបានជនជាប់ចោទប្រកាសប្តឹងឧទ្ធរណ៍ភ្លាមៗ ដោយគេយល់ឃើញថា សាលាដំបូងបានផ្តន្ទាទោសលើរូបគេធ្ងន់ធ្ងរពេក ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងនេះមានជនរងគ្រោះ២នាក់ប្តីប្រពន្ធប្តីឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ហៅតូ អាយុ៣៤ឆ្នាំ មុខរបរជាអគ្គនាយកសន្តិសុខឯកជន និងស្ត្រីជាប្រពន្ធឈ្មោះ តាំ សុខឡី អាយុ៣១ឆ្នាំ ជាបុគ្គលិកណាហ្គាវើល មានទីលំនៅផ្ទះលេខ១១៤ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជិះរថយន្តម៉ាក RANG ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2U 4448 ។

ចំណែកជនសង្ស័យឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤ កន្លះ ស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បើករថយន្ត ម៉ាកឡិចស៊ីសRX 350 ពណ៌-ស ពាក់ស្លាកលេខ សៀមរាប 2B 5153 ។

ការបញ្ជាក់របស់ជនរងគ្រោះនៅថ្ងៃកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ពីរនាក់ប្តីប្រពន្ធបានជិះរថយន្ត RANG ROVER ចេញពីហូបអាហារនៅហាង១២៣ ម្តុំផ្សារដើម-គ គោលបំណងត្រលប់ទៅផ្ទះវិញ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង ។ លុះទៅដល់មុខអតីតក្លិបកម្សាន្តរ៉ក់ គាត់បានឈប់រថយន្តមួយភ្លែតដោយសារតែប្រពន្ធមិនសូវស្រួលខ្លួន រួចហើយក៏បានបើករថយន្តបន្តទៅមុខទៀតស្រាប់តែពេលនោះមានរថយន្តឡិចសុីសRX៣៥០ ពណ៌-ស ១ គ្រឿង ដោយមានមនុស្សជិះ៣ នាក់បានបើកតាមពីក្រោយហើយស៊ីផ្លេដាក់រហូត ។ ឃើញសកម្មភាពយ៉ាងដូច្នេះគាត់ជាជនរង គ្រោះបានឈប់រថយន្ត ហើយក៏សួរនាំទៅភាគីនោះថាមានរឿងអ្វី ? តែត្រូវខាងរថយន្តនោះបាននិយាយគំរាមរកចាប់ ។

ដោយទង្វើបែបទំនងមិនស្រួលគាត់(ជនរងគ្រោះ)បានបើករថយន្តបម្រុងចូលទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែនៅពេលបើករថយន្តជិតដល់ច្រកចូលខណ្ឌ ក៏ត្រូវភាគីបើករថយន្តបង្កដេញតាមកៀរ នឹងបោះពាក្យសំដីថា បើឯងខ្លាំងទៅខណ្ឌច្បារអំពៅ ពេលនោះដែររូបគាត់ជាជនរងគ្រោះក៏យល់ព្រម បើករថយន្តទៅខណ្ឌច្បារអំពៅព្រោះផ្ទះគាត់នៅក្បែរនោះស្រាប់ ។ ខណៈពេលបើកទៅដល់ក្បែររបងអធិការដ្ឋានខណ្ឌច្បារអំពៅ ស្រាប់តែរថយន្តបង្កបានបើកកាក់ពីមុខ នៅពេលគាត់បើកបត់ទៅរកច្រកចូលសាលាខណ្ឌ មានបុរសម្នាក់បានចុះពីលើរថយន្តដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ស្រោចលើរថយន្តរបស់គាត់ចំនួន៥គ្រាប់ផ្ទួនៗ បណ្តាលឱ្យបែក និងធ្លុះកញ្ចក់ក្រោយ ព្រមទាំងធ្វើឱ្យប្រពន្ធរបស់គាត់ភ័យរហូតដល់សន្លប់តែម្តង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ។ នៅពេលបាញ់ហើយជនបង្កមិនបានរត់ទៅណាទេ គឺបើករថយន្តចុះឡើងៗ រួចត្រឡប់មកកន្លែងដើមវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើមម៉ាករូឡូ និងរកឃើញសម្បកគ្រាប់ចំនួន៥គ្រាប់ ដោយនាំជនសង្ស័យទៅសាកសួរនៅអធិការដ្ឋានខណ្ឌច្បារអំពៅ តែម្តងទៅ ។

ក្រោយកើតហេតុនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យចាត់ការតាមវិន័យកងកម្លាំង លើអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបាញ់បោះធ្វើឲ្យកើតមានបាតុភាពភ្ញាក់ផ្អើលទាំងកណ្តាលយប់ពីសំណាក់មន្ត្រីនគរបាលម្នាក់នោះ និងបន្តអនុវត្តតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ ។ បន្ទាប់មកសាលាដំបូងបានបើកការស៊ើបអង្កេត នឹងឈានដល់បើកសវនាការផ្តន្ទាទោសលើជនបង្ក ដាក់ពន្ធនាគារកំណត់១០ ឆ្នាំ ។

ទោះបីជាយ៉ាងណា ជនជាប់ចោទបានខិតខំរើបម្រះប្តឹងឧទ្ធរណ៍ រហូតសាលាឧទ្ធរណ៍បើកសវនាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់មកនៅត្រឹម៥ ឆ្នាំ វិញ នឹងតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារតែ៣ ឆ្នាំប៉ុណ្ណោះ ទោសសល់ព្យួរទាំងអស់ នេះសំណុំរឿងករណីលោក ដួង ណាគ្រី អតីតអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើករថយន្តប៉ុនប៉ងសម្លាប់ប្តីប្រពន្ធនៅក្បែរអធិការដ្ឋានខណ្ឌច្បារអំពៅ ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print