សមិទ្ធផលនៅក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព បណ្តុះគំនិតឲ្យសិស្សានុសិស្សបន្តវប្បធម៌នៃការកសាងប្រទេសទៅអនាគត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា សមិទ្ធផលដែលបានកើតឡើងក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបណ្តុះគំនិតឲ្យ សិស្សានុសិស្សបន្តវប្បធម៌នៃការកសាងនិងអភិវឌ្ឍន៍ប្រទេសទៅអនាគត។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថាសួនជីវៈចម្រុះព្រឹទ្ធាចារ្យ ជុំ ហ៊ុល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងសមិទ្ធផលមួយចំនួនទៀតនៅទីនៅក្នុងវិទ្យាល័យ បានកសាងឡើងដើម្បីឱ្យសិស្សានុសិស្សមានការស្រាវជ្រាវពីជីវៈចម្រុះ ដើម្បីឱ្យសាលាយើងមានសោភណ្ឌភាពស្អាតជាងមុន មានកន្លែងអានសៀវភៅស្ងប់ស្ងាត់ល្អ និងជាពិសេសគឺដើម្បីឱ្យរំលឹកដល់ព្រឹទ្ធាចារ្យនៃអតីតថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា អ្នកមានគុណចំពោះជាតិ ដែលបានតស៊ូ លះបង់លះបង់កម្លាំងកាយចិត្ត អាយុជីវិត ខិតខំកសាងនិងអភិវឌ្ឍខេត្តព្រះសីហនុ នាពេលកន្លងមក។ «ការខិតខំដាំដុះរបស់ចាស់ព្រឹទ្ធាចារ្យនាពេលកន្លងមក បានផ្តល់ជាផ្លែផ្កាសម្រាប់យុវជនបន្តវេន» នេះជាការលើកឡើងបន្ថែមរបស់ លោកសាយ សំអាល់។ 

លោកសាយ សំអាល់ បានលើកឡើងថា ខេត្តព្រះសីហនុ បានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងក្រុងព្រះសីហនុ ដែលជាមូលដ្ឋានគ្រឹះប្រែក្លាយខេត្តនេះឱ្យទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរណ៍ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋផងដែរ។ 

លោករដ្ឋមន្ត្រី បានចាត់ទុកថាគោលដៅសំខាន់នៃការអភិវឌ្ឍខេត្តព្រះសីហនុ គឺការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យក្លាយជាអ្នកធុរៈកិច្ច ក្នុងពេលអនាគត។ ដូច្នេះមានតែពង្រឹងការរៀន និងបង្រៀន និងការថែទាំសុខភាព ឲ្យប្រសើរថែមទៀត។ មានសាលារៀនល្អហើយ ប៉ុន្តែធ្វើយ៉ាងណាឱ្យសិស្សរៀនពូកែ ហើយកាលណាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ ការមើលឃើញពីលារអភិវឌ្ឍប្រទេសជាតិកាន់តែមានប្រសិទ្ធភាពថែមទៀត។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកសាយ សំអាល់ បានអញ្ជើញចូលរួមជាមួយ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មួយចំនួន ប្រគល់ជ័យលាភីមេដាយមាសនិងរង្វាន់សាលាមេត្រីបរិស្ថានដល់វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានសម្ពោធសួនជីវៈចម្រុះ ព្រឹទ្ធាចារ្យ អ៊ុំ ហ៊ុល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាប៉េតង់ រួមជាមួយសមិទ្ធផលមួយចំនួនទៀតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ផងដែរ៕

                

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print