ខេត្តស្ទឹងត្រែង: សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤នាក់ រស់នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
១-លោកយាយ ហ្វឿយ ផាន់ អាយុ ១០៥ឆ្នាំ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី
២-លោកយាយ ទៀង យ៉ល អាយុ ១០២ឆ្នាំ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី
៣-លោកតា កាយិន តាម៉ង អាយុ ១០៤ឆ្នាំ រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី
៤-លោកយាយ ញូ បុប្ផា អាយុ ១០១ឆ្នាំ រស់នៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៤៨នាក់ (ឆ្លងសហគមន៍ ៤៨៨ និង នាំចូល: ១៦០) និងមានជាសះស្បេីយ ៤៩២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៣៤៨២ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៦៧៦៧នាក់ និង ស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ២០៩៦នាក់ ។ សូមបន្តអនុវត្ត: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2,341,555 ស្មេីនឹង 137,819 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៣,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សុខ ខេមរា