ភ្នំពេញ ៖ នារីម្នាក់រួមជាមួយអ្នកដំណើរ២នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កង់មុខ ចំហៀងខាងឆ្វេង ព្រមទាំងអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ០០ នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ ត្រង់ចំណុចស្តុបកម្លាំងកងរាជអាវុធហត្ថ ផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0097 បើកបរដោយនារីម្នាក់ រួមអ្នកដំណើរប្រុសស្រី២នាក់ទៀត តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តជ្រុលល្បឿនទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យវៀចចេញពីជួរចំនួន៣កង់ ចំណែករយន្តដាច់កង់មុខ ចំហៀងខាងឆ្វេងទៅមុខលែងរួច ហើយបណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចបានធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ រ៉ា រ៉ា