សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ២០ខែកញ្ញា មន្ត្រីសុខាភិបាលថៃ បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅក្រោមស្បែកនូវដូសជំរុញបន្ថែមជាជាងចាក់នៅលើសាច់ដុំ ក្នុងគោលដៅបង្កើនប្រព័ន្ធការពារក្នុងសង្គម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul នៅថ្ងៃទី២០ខែកញ្ញា បានប្រកាសថា វិធីសាស្ត្រចាក់វ៉ាក់សាំងនៅក្រោមស្បែក ធ្វើឡើងតាមការសម្រេចរបស់ក្រុមឯកទេសសុខាភិបាលថៃ គឺឲ្យតែមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ លោក Chalermpong Sukonthaphon អគ្គនាយកមន្ទីរពេទ្យ Vachira ក្នុងទីក្រុងភូកេតបានឱ្យដឹងថា មន្ទីរពេទ្យបានបើកភ្លើងខៀវ ដើម្បីប្រើប្រាស់វ៉ាក់សាំងចាក់នៅក្រោមស្បែក តាំងពីថ្ងៃទី១៧ខែកញ្ញា ។ ការសម្រេចខាងលើក្រោយការធ្វើតេស្តទទួលបានជោគជ័យដូចជាការចាក់ធម្មតា ហើយអាចសន្សំសំចៃវ៉ាក់សាំងបានទៀតផង។ លោក Sukonthaphon បានបញ្ជាក់ថា វ៉ាក់សាំងមួយដូសអាចប្រើប្រាស់បានដល់ទៅ៥ដងសម្រាប់ចាក់ក្រោមស្បែក។ ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ លោក Supakit Sirilak កាលពីថ្ងៃទី១៩ខែកញ្ញា បានបញ្ជាក់ថា «តាមបទពិសោធន៍នាពេលកន្លងមក ការចាក់វ៉ាក់សាំងក្រោមស្បែកគឺប្រើវ៉ាក់សាំងតែ២៥%នៃវ៉ាក់សាំងមួយដូស ប៉ុន្តែអាចបង្កើតប្រព័ន្ធស៊ាំការពារបានល្អដូចចាក់នៅសាច់ដុំដែរ។ មកទល់ពេលនេះមានពលរដ្ឋថៃតែ ២១%ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋ ៧២លាននាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។ គិតត្រឹមថ្ងៃទី២១ខែកញ្ញា ថៃមានករណីឆ្លងកូវីដ-១៩ សរុប ១,៤លាននាក់ និងស្លាប់ជាង១៥ពាន់នាក់ហើយដោយកូវីដ-១៩៕ដោយ៖ធីរីណា
រូបថត៖Reuters.