Barcelona បានត្រឹមស្មើក្នុងទឹកដីសម្រាប់ការប្រកួតសប្តាហ៍ទី៤នៅលីគកំពូលអេស្ប៉ា La Liga

ចែករំលែក៖

ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Ronald Koeman បានត្រឹមលទ្ធផលស្មើគ្នា១ទល់១ប៉ុណ្ណោះជាមួយក្រុម Granada ក្នុងទឹកដីរបស់ខ្លួន សម្រាប់ការប្រកួតសប្តាហ៍ទី៤ ក្របខ័ណ្ឌ La Liga កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ កញ្ញានេះ។

ការប្រកួតចាប់ផ្តើមនៅតង់ទី១ មិនទាន់បាន២នាទីស្រួលបួលផង កីឡាករខ្សែការពារ Domingos Duarte របស់ក្រុម Granada រកបាន១គ្រាប់មុខក្រុមម្ចាស់ផ្ទះ ហើយ១គ្រាប់នាំមុខនេះគឺបានបន្តរហូតដល់ចប់តង់ទី១។

ការប្រកួតបានចូលតង់ទី២ ក្រុមម្ចាស់ផ្ទះ Barcelona បានព្យាយាមវាយសម្រុកយ៉ាងខ្លាំងរហូតដល់ការគ្រប់បាល់មាន៧៧ភាគរយឯណោះ។ ការប្រកួតជិតចប់ទៅហើយ កីឡាករខ្សែការពារ Ronald Araujo របស់ក្រុម Barcelona រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៩០ ដែលជាគ្រាប់បាល់ជួយឲ្យក្រុមទទួលបាន១ពិន្ទុបន្ថែម។

ក្រោយចប់ការប្រកួតលោក Koeman គ្រូបង្វឹកក្រុម Barcelona បាននិយាយថា “យើងបានផ្លាស់ប្តូរស្ទីលរបស់យើងបន្តិច។ យើងបានធ្វើអ្វីដែលយើងត្រូវធ្វើ យើងបានព្យាយាមឈ្នះវិធីមួយផ្សេងទៀត ខ្ញុំនឹងមិននិយាយបន្ថែមទេ ព្រោះវាហាក់ដូចជាខ្ញុំ ត្រូវតែឈ្លោះប្រកែកគ្នាអំពីអ្វីៗទាំងអស់ យើងធ្វើបានល្អហើយ”។

លទ្ធផលខាងលើនេះបង្ហាញថា ក្រុម Barcelona នៅតែមិនស្គាល់ចាញ់នៅ La Liga ដោយលទ្ធផលនេះនាំឱ្យពួកគេឡើងទៅលេខ៧ដោយមាន៨ពិន្ទុពីការប្រកួត៤លើក ដោយចាញ់ពិន្ទុក្រុមលេខ១ Real Madrid ៥ពិន្ទុឯណោះ។

ក្រុម Barcelona នឹងត្រូវប្រឈមមុខក្នុងការប្រកួតចំនួន២ក្នុងសប្តាហ៍នេះ ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ Cadiz នៅថ្ងៃទី២៤ កញ្ញា ហើយបន្ទាប់មកទទួលស្វាគមន៍ក្រុមភ្ញៀវ Levante នៅថ្ងៃទី២៦ កញ្ញា មុនពេលដំណើរដ៏ធំនៃក្របខ័ណ្ឌ Champions League ប៉ះក្រុម Benfica នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ។ ចំណែកក្រុមGranada មិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ហើយឈរនៅលេខ១៧ដោយមាន៣ពិន្ទុ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print