ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយបានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយបានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេកផ្លូវការ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញានេះ។

គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា, រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះក្រុមការងារសម្របសម្រួលក្រុមប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ដឹកនាំដោយ លោក គីម វីរៈ និង លោក ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. រួមជាមួយមេបញ្ជាការរង បញ្ជាការដ្ឋានទ័ពពិសេស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្ត ឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្រោមបទបញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់ពី លោក ទេសរដ្ឋមន្ត្រី គន់ គីម កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយគ្រប់បណ្តាអង្គភាព បានត្រៀមខ្លួនរួចជាស្រេច ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ថា, កន្លងទៅនេះក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, នៅថ្ងៃទី២២-២៦ ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនិងខ្យល់មូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។ បន្តមកសម្ពាធទាបដែលស្ថិតនៅចុងប្រព័ន្ធ ( ITCZ ) ស្ថិតនៅខាងកើតហ្វីលីពីនអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅត្រង់ចន្លោះគីញើន ( Qui Nhon ) និងដាណាង ( Da Nang ) ។​

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

​​- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥​ °C

​​- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤​ °C

​​- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រេីន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ

​​​​សាស្ត្រមួយចំនួន ៖ រាជធានីភ្នំពេញ ខេត្តកណ្កាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​​​​​ប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

​​-​សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

​​- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

​​- អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅបណ្កាខេត្ត

​​​​ជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។

៣-តំបន់មាត់សមុទ្រ ៖

​​-​សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

​​- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C

​ – អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ​​​​​សាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម។

​យោងស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្កទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print