ពលរដ្ឋអាហ្វហ្គានីស្ថានប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង ទាំងស្បៀងអាហារ សន្តិសុខ កន្លែងស្នាក់នៅ ដោយសារតែប្រទេសជាតិរងការបំផ្លិចបំផ្លាញដោយសារអាមេរិកនិងសម្ពន្ធមិត្តធ្វើសង្គ្រាមរយៈពេល២០ឆ្នាំកន្លងមក ។ ក្រោយអាមេរិកដកចេញ ស្ថានភាពអាហ្វហ្គានីស្ថានកាន់តែអាក្រក់ ដោយប្រឈមនឹងកង្វះស្បៀងអាហារ អសន្តិសុខក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងវិញ។
បច្ចុប្បន្នអាហ្វហ្គានីស្ថានត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ហើយពេលនេះមានតែចិននិងរុស្ស៊ីប៉ុណ្ណោះដែលបានផ្តល់ជំនួយមុនគេ។ ចំណែកប្រទេសលោកខាងលិចនៅពិភាក្សាចុះឡើង មិនទាន់សម្រេចនៅឡើយទេ។
នៅពេលនេះដែរ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៣ខែកញ្ញា បានអំពាវនាវឱ្យក្រុមប្រទេស G20 បង្កើនកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្តល់ជំនួយដល់ប្រទេសអាហ្វហ្គានីស្ថាន។
លោកប្រមុខការទូតចិនបានធ្វើការអំពាវនាវដូចខាងលើ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ស្តីពីអាហ្វហ្កានីស្ថានដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ លោក វ៉ាង បានបន្តថា រាល់ទណ្ឌកម្ម ឬការរឹតត្បិតផ្សេងៗដែលបានដាក់លើអាហ្វហ្កានីស្ថាន គួរតែត្រូវដកចេញវិញឱ្យបានឆាប់តាមតែអាចធ្វើទៅរួច។
បន្ថែមពីនេះ ដោយសង្កត់ធ្ងន់លើភាពស្រពេចស្រពិលនៃអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក វ៉ាង យី ក៏បានទទូចឲ្យក្រុមប្រទេស G20 ដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់សុខសន្តិភាព ការអភិវឌ្ឍ និងការសម្រុះសម្រួលជាតិ នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះផងដែរ។
គួរបញ្ជាក់ថា ក្នុងខែកញ្ញានេះ ទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ទាន់ទំហំ២០០លានយាន់ ឬស្មើនឹងខ្ទង់៣១លានដុល្លារ រួមមានស្បៀងអាហារ សម្ភាររដូវរងា វ៉ាក់សាំង និងឱសថផ្សេងៗទៀតដល់អាហ្វហ្គានីស្ថាន៕ដោយ៖ធីរីណា
រូបថត៖Reuters.