អត្តពលិកអាមេរិកទាំងអស់នឹងត្រូវចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងប៉េកាំងខាងមុខ

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិកបានប្រកាសថាអត្តពលិកអាមេរិកទាំងអស់ដែលសង្ឃឹមថានឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងអស់គ្នាឲ្យបានមុនព្រឹត្តិការណ៍នេះ។

លោកស្រី Sarah Hirshland នាយកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកនិងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក ហៅកាត់ថា USOPC បានសរសេរនៅក្នុងលិខិតមួយថា “មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកនឹងតម្រូវឱ្យបុគ្គលិក USOPC អត្តពលិក និងអ្នកដែលប្រើប្រាស់គ្រឿងបរិក្ខារ USOPC រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវី-១៩ជាចាំបាច់” ។

លិខិតដដែលបានបន្តថា តម្រូវការនេះក៏នឹងអនុវត្តចំពោះគណៈប្រតិភូក្រុមអត្តពលិករបស់សហរដ្ឋអាមេរិកទាំងអស់របស់យើងនៅអូឡាំពិក និងប៉ារ៉ាឡាំពិកហ្គេមនាពេលអនាគត អត្តពលិក និងបុគ្គលិកនឹងមានឱកាសទទួលបានការលើកលែងផ្នែកវេជ្ជសាស្ត្រ ឬសាសនាចំពោះអាណត្តិនេះ

គ្មានសម្ព័ន្ធកីឡាធំៗនៅអាមេរិកខាងជើងណាមួយទាមទារឱ្យអត្តពលិករបស់ពួកគេត្រូវចាក់វ៉ាក់សាំងការពារឡើយ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនតម្រូវឱ្យអត្តពលិកដែលចូលរួមប្រកួតនៅកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវចាក់វ៉ាក់សាំងទេ ទោះបីវាត្រូវបានលើកទឹកចិត្តក៏ដោយ។

លោកស្រី Hirshland បាននិយាយថា USOPC សង្ឃឹមថាការរឹតត្បិតការការពារជំងឺកូវីដ-១៩ នឹងត្រូវបានលុបចោលនៅចុងបញ្ចប់នៃការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូដែលពន្យាពេលដោយសារជំងឺរាតត្បាតមួយនេះ ប៉ុន្តែតាមពិតជំងឺរាតត្បាតនេះគឺនៅតែបន្តគំរាមកំហែងគ្មានទីបញ្ចប់” ។

លោកស្រីបានបន្តថា ជំហាននេះនឹងបង្កើនសមត្ថភាពរបស់យើងក្នុងការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងផលិតភាពសម្រាប់អត្តពលិក និងបុគ្គលិករបស់អាមេរិក ហើយអនុញ្ញាតឱ្យយើងស្តារភាពស៊ីសង្វាក់គ្នាក្នុងការរៀបចំផែនការការរៀបចំ និងសេវាកម្មដល់អត្តពលិកគ្រប់រូប” ។

លោកស្រីបានបញ្ជាក់ថា “ចលនាចាក់វ៉ាក់សាំងនេះមានការគាំទ្រពីក្រុមប្រឹក្សាប្រឹក្សាអត្តពលិក និងក្រុមប្រឹក្សាជាតិគ្រប់គ្រងដែលត្រូវបានពង្រឹងបន្ថែមដោយការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថនៃការចាក់ថ្នាំបង្ការប្រភេទ Pfizer និងគាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាមេរិក។

សូមជម្រាបថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំក្រោយ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកនេះបានបញ្ចប់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីខែសីហាឆ្នាំនេះ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print