ភ្នំពេញ៖ ជំនួបរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោក Hong Ki Chol ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ នាព្រឹកថ្ងៃទី០១ មេសា ឆ្នាំ២០១៦នេះ មិនបានលើកមកអំពីបញ្ហាសន្តិសុខរបស់អ្នកកាទូត ដែលរស់នៅលើទឹកដីកូរ៉េខាងជើង ពាក់ព័ន្ធនិងការប្រកាសអំពីបញ្ហានយោបាយអាវុធនុយក្លេអ៊ែនោះទេ។
លោក សន សារណា ទីប្រឹក្សានិងជាលេខាផ្ទាល់សម្តេចប្រធានរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនេះនៅវិមានរដ្ឋសភាថា សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ និងបានអរគុណចំពោះលោក Hong Ki Chol ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉ូប្រចាំកម្ពុជា ដែលចូលមកសម្តែងការគួរសម និងជំរាបលា ខណៈលោកត្រូវចប់អាណត្តិបេសកកម្មការងារការទូតនៅកម្ពុជា។
សម្តេចបញ្ជាក់ថា «ខ្ញុំកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់ លោកនៅកម្ពុជា ដែលបានធ្វើឱ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែ ប្រសើរឡើងថែមទៀត។ សម្តេចបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរកម្ពុជា-កូរ៉េ ហើយថាប្រទេសទាំងពីរនិងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ កាន់តែប្រសើរថែមទៀត»។
លោក សន សារណា ថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចបានសម្តែងការគាំទ្រជាថ្មីម្តងទៀតចំពោះកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះ សំដៅនាំមកនូវផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងចប់អាណត្តិ Hong Ki Chol បានអរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសមនិងជម្រាបលានាពលនេះ។ លោកបានបញ្ជាក់ថា ទោះបីបច្ចុប្បន្ននេះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េមានការលំបាកក៏ដោយ ប៉ុន្តែប្រជាជននិងកងទ័ពរបស់កូរ៉េបានមូលមតិគ្នា និងដើរតាមការដឹកនាំរបស់លោកសេនាប្រមុខ គីម ជឹម អ៊ុន ដើម្បីឱ្យប្រទេសកូរ៉េមានការរីកចំរើនទៅមុខ។
សម្តេចពញាចក្រី ហេង សំរិន ក៏បានអរគុណ ចំពោះរដ្ឋសភាប្រជាជនកូរ៉េ ដែលបានមកចូលរួមមហាសន្និបាតសភាអាស៊ីAPAលើកទី៨ នៅកម្ពុជាកាលពីឆ្នាំកន្លងទៅ។
តាមរយៈលោកទូតសម្តេចបានសុំអញ្ជើញលោកប្រធានរដ្ឋសភាប្រជាជនកូរ៉េ ដើម្បីមកចូលរួមមហាសន្និបាតសភាអាស៊ីAPAលើកទី៩ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះនៅចុងឆ្នាំ២០១៦។
ទាក់ទិននិងការប្រកាសពីសំណាក់ប្រទេសកូរ៉េទុកពេលឲ្យ៥ថ្ងៃ សម្រាប់ អ្នកការទូត និងប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា ដែលរស់នៅលើទឹកដីកូរ៉េខាងជើងរួមទាំងកម្ពុជាផងនោះ ឱ្យធ្វើមាតុភូមិនិវត្តន៍ជាប្រញាប់ពាក់ព័ន្ធ និងអាវុធប្រល័យលោក(នុយក្លេអ៊ែ)នោះ ភាគីទាំងពីរមិនបានធ្វើការជជែកគ្នាអំពីបញ្ហានយោបាយនោះទេ វាជារឿងនយោបាយប្រទេស៕
សុខ ខេមរា