ភ្នំពេញ, នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងបឋមរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ (MTR) នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) សម្រាប់ឆ្នាំ២០១៥-២០២០ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាឧត្ដមមន្ត្រីបង្គោល និងមន្រ្តីបច្ចេកទេសទទួលបន្ទុកការងារ IDP ប្រចាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកលេខាធិការដ្ឋាន IDP នៃ ក.អ.ក. សរុបប្រមាណ ១៤០ នាក់។
កិច្ចប្រជុំនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្នើក្រសួង ស្ថាប័ន (១) ពិនិត្យនិងផ្ដល់ធាតុចូលបន្ថែមលើសេចក្ដីព្រាងបឋមនៃរបាយការណ៍ MTR និង (២) ផ្ដល់អនុសាសន៍ពីបច្ច័យនៃជំងឺកូវីដ-១៩ មកលើវិស័យដែលក្រសួង ស្ថាប័នសាម៉ីទទួលបន្ទុក។
បន្ទាប់ពីការធ្វើបទបង្ហាញលើសេចក្ដីព្រាងបឋមនៃរបាយការណ៍ MTR របស់លេខាធិការដ្ឋាន IDP នៃ ក.អ.ក. ដោយបានរៀបរាប់ចាប់តាំងពីសាវតារនៃការជំរុញការអនុវត្ត IDP, ការរៀបចំរបាយការណ៍វឌ្ឍនភាពចំនួន ២លើក ដែលទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលកន្លងមក រហូតដល់ដំណើរការនៃការរៀបចំសេចក្ដីព្រាងរបាយការណ៍ MTR និងបន្ទាប់ពីទទួលបានធាតុចូលបន្ថែមពីសមាជិកអង្គប្រជុំរួចមក លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបាន ផ្ដល់កិច្ចសហការល្អ និងការគាំទ្រដល់លេខាធិការដ្ឋាន IDP នាពេលកន្លងមក។ យ៉ាងណាមិញ ដើម្បីឱ្យលទ្ធផលវិភាគក្នុងរបាយការណ៍ MTR នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងប្រកបដោយសុក្រិតភាព លោករដ្ឋមន្ត្រីប្រតិភូ បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យបន្ថែមទៅលើខ្លឹមសារនៃរបាយការណ៍ ក៏ដូចជាផ្ដល់អនុសាសន៍ពីបច្ច័យនៃជំងឺកូវីដ-១៩ មកលើវិស័យរបស់ក្រសួង ស្ថាប័នសាម៉ី រួចផ្ញើមក ក.អ.ក. ឱ្យបានត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដើម្បីលេខាធិការដ្ឋាន IDP បូកសរុប និងធ្វើការសម្រិតសម្រាំង មុននឹងគោរពដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ និងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យ និងអនុម័តជាចុងក្រោយក្នុងអំឡុងខែវិច្ឆិកាខាងមុខ។
ជាទីបញ្ចប់ លោក ជិន ប៊ុនស៊ាន ប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងការផ្ដល់កិច្ចសហការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន IDP នាពេលកន្លងមក។ ឯកឧត្ដមសង្ឃឹមថារបាយការណ៍ MTR នេះ នឹងក្លាយជាឯកសារដែលមានមូលដ្ឋានរឹងមាំនិងច្បាស់លាស់សម្រាប់ជូនរាជរដ្ឋាភិបាល និងអង្គពាក់ព័ន្ធ ពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី ក៏ដូចជាការតម្រង់ទិសសម្រាប់ការអនុវត្តគោលនយោបាយ IDP ក្នុងជំហានបន្ទាប់៕
ដោយ, សិលា