ភ្នំពេញ៖ តារាសម្តែង ដែលលេចមុខមាត់ខ្លាំងជាមួយនឹងសកម្មភាពមនុស្សធម៌កញ្ញា មានសូនីតាបានបង្ហាញវត្តមានជាថ្មីក្នុងការប្រកាសជាផ្លូវការនៃការចេញផ្សាយទស្សនាវត្តីសូវរីន(Sovrin)លេខទី៥៥ជាមួយនឹងការបង្ហាញម៉ូតសំលៀលបំពាក់លាយចំរុះគ្នានៃសិល្បៈបុរាណ និងសម័យ។
តារាសម្តែងរូបនេះលើកឡើងថា នាងពេញចិត្តនឹងចូលរួមនិងបន្តការផ្សព្វផ្សាយស្នាដៃដែលជាផ្នែកមួយនៃការលើកកម្ពស់កិត្តិសព្ទសិល្បៈវប្បធម៌ អរិយធម៌ខ្មែរជាបន្តផងដែរ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០១៦នៅក្នុងបរិវេណភោជនីយដ្ឋានឡឺបីសស្ត្រូតនៃវិទ្យាស្ថានភាសាបារាំងក្រោមវត្តមានសិល្បករ ផលិតករ ក្រុមអ្នកជំនាញច្នៃម៉ូត និងអ្នកគ្រប់គ្រងទស្សនាវដ្តីសូវរីន(Sovrin)ផងដែរ។
ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អរិយធម៌កាលពីសម័យបុរាណក្រុមការងារទស្សនាវដ្តីសូវរីន(Sovrin)បានគាស់រំលើងឡើងវិញនូវល្បែងប្រជាប្រិយ ទម្រង់សិល្បៈ ល្ខោនបុរាណខ្មែរ ល្បែងប្រជាប្រិយខ្មែរ វប្បធម៌នៃការស្លៀកពាក់ឲ្យកូនខ្មែរបានស្គាល់។ នេះបើតាមការបញ្ជាក់របស់លោក ជ័យ រដ្ឋានាយកផ្នែកច្នៃប្រឌិតរបស់ទស្សនាវដ្តីខាងលើ។ លោកបន្តថា ក្រុមការងារបានបង្កើតជាខ្សែសាច់រឿងមួយដែលកើតឡើងពីការសុបិន្តនិម្មិតធ្វើឲ្យតួអង្គនាងរំដួលដែលសម្តែងដោយកញ្ញាមានសូនីតាបានវិលត្រឡប់ទៅកាន់អាណាចក្រដែលពោរពេញទៅដោយអរិយធម៌ដ៏ខ្ពង់ខ្ពស់មួយ។ លោកបន្តថាដើម្បីបង្កើតបានជាទស្សនីយភាពក្រុមការងារបានជ្រើសរើសយកវត្តពោធិរុក្ខារាមហៅវត្តកំពុងត្រឡាច ស្ថិតក្នុងស្រុកកំពុតត្រឡាច ខេត្តកំពុងឆ្នាំង ដើម្បីផ្តិតយករូបភាពជាមួយនឹងសកម្មភាពថតរូប ដែលសិល្បករស្លៀកពាក់បែបសហសម័យ លាយគ្នាជាមួយនឹងសម្លៀកបំពាក់បុរាណផងដែរ។ លោកបញ្ជាក់ថា ការបង្ហាញទស្សនីយ៍ភាពនេះក៏បានបង្ហាញពីសក្កានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
តារាសម្តែង មាន សូនីតា បានបញ្ជាក់ថា នាងពិតជាមានចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងបេសកម្មនេះព្រោះតែវាបានជួយលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរ ព្រមជាមួយនឹងគំនិតច្នៃប្រឌិតអស្ចារ្យនៃម៉ូតសម្លៀកបំពាក់ ដែលវាបានឆ្លុះបញ្ចាំងផងដែរនូវអរិយធម៌វប្បធម៌របស់ជាតិខ្មែរ។ ពិសេសគឺការថតរូបបែបសិល្បៈដែលរ៉ូបរបស់នាងត្រូវបានច្នៃឡើងពីហូល ផាមួង សូត្រខ្មែរ រំលេចដោយការច្នៃដោយទាន់សម័យពីអ្នកជំនាញ។ នាងបន្តទៀតថា វាគឺជាក្តីប្រាថ្នា និងស្រមើស្រមៃចង់បានរបស់នាងជាយូរមកហើយក្នុងការចូលរួមចំណែកថែរក្សាសិល្បៈវប្បធម៌ទាំងនេះឲ្យស្ថិតស្ថេរគង់វង្ស។
នាងរំពឹងដែរថា ក្រោមការសម្រិតសម្រាំងនូវម៉ូតសម្លៀកបំពាក់ ការច្នៃប្រឌិត ការបង្ហាញពីទស្សនីយ៍ភាពប្លែកៗ ពិសេសគឺទំនៀមទម្លាប់នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះពិតជាធ្វើឲ្យអ្នកអាន និងទស្សនាប្លែកភ្នែកចម្លែកអារម្មណ៍កាន់តែខ្លាំង៕
ដោយ៖ វឌ្ឍនា